មនុស្សចំនួន ២នាក់ បានរងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត នៅលើផ្លូវល្បឿនលឿន

កំពង់ស្ពឺ៖ មនុស្សចំនួន ២នាក់ បានរងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥៖៤០នាទី លើផ្លូវល្បឿនលឿន គីឡូម៉ែត្រ៨១ ត្រង់ចំណុចភូមិទឹកចេញ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្ត០១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹក មាស ពាក់ស្លាកលេខភ្នំពេញ2BA-7035 បើកបរដោយឈ្មោះ ចន ចេម ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសំបូរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង បើកបរពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត០១គ្រឿង ម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AW-8684 បើកបរដោយឈ្មោះ ឆេង ធិ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងដំណើរស្របទិសគ្នា។

នគរបាលដដែលបន្តថា ក្នុងហេតុការណ៍ខាងលើបណ្តាលឲ្យគ្រោះថ្នាក់មនុស្សរបួសស្រាល០២នាក់ ស្រី០១នាក់ ខូចខាតរថយន្តទាំង០២គ្រឿង ខូចខាតរបាំងដែក។ មូលហេតុការបើកបរក្នុងល្បឿនមិនសមាមាត្រនិងគម្លាតចំងាយនៃល្បឿនរថយន្ដ គន្លងយឺតចន្លោះពី៦០-៨០ចន្លោះ គន្លងវ៉ាជែងចាប់ពី១០០-១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ចំពោះវត្ថុតាងរថយន្តក្រុមហ៊ុនល្បឿនលឿន ស្ទូចយកមករក្សាទុកនៅស្នាក់ការK114 (កំពង់សីលា)ដើម្បីចាត់ការតាមនីតិវិធី៕