អ្នកស្នេហាកីឡាបាល់ទាត់រិះគន់ចំពោះការចែកសំបុត្រ

ភ្នំពេញ៖ អ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា បានរិះគន់ចំពោះការរៀបចំចែកសំបុត្រចូលទស្សនានៃការប្រកួតកីឡាបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជំរើសជាតិមកពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម មានភាពរញ៉េរញ៉ៃនិងមិនច្បាស់លាស់។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានស្រង់យកសារពីអ្នកស្នេហាកីឡាយក មកចុះផ្សាយនៅទំព័រហ្វេសបុកនៅថ្ងៃទី ២ ខែឧសភា ថា ការបែងចែកសំបុត្រតាមតំបន់ កន្លែងត្រូវចែកអោយច្បាស់លាស់។ តាមអនឡាញ កំណត់ប៉ុន្មាន ចែកផ្ទាល់កំណត់ប៉ុន្មាន ចែកជូនស្ថាប័ន/នាយកដ្ឋានពាក់ពន័្ឋប៉ុន្មាន ។ មិនមែនប្រកាសចែកផ្ទាល់ ៥ពាន់ តែចែកបានតែ៥រយនាក់ ថាអស់។

អ្នកស្នេហាកីឡារូបនោះបន្តថា « ដើម្បីសម្រួលដល់ជនបរទេស ឬសម្រាប់អ្នកគាំទ្រនៃប្រទេសអាស៊ាន យេីងអាចបែងចែកស្ថានទូតគេ ហេីយគេនឹងអោយប្រជាជនគេទៅយកផ្ទាល់ពីស្ថានទូត។ ខ្ញុំជឿជាក់ ស្ថានទូតគេមិនប្រកែកទេ ណាមួយស្រួលសម្រាប់ប្រជាជនគេផង យេីងផ្តល់កិត្តិយសសប្រាប់ប្រជាជនគេផង»។

លោកស្នើថា គួរជួយសម្រួលកន្លែងចែកសំបុត្រនៅស្តាត គួររៀបចែកអោយបាន៤ ៥ តុ ដោយអ្នកចូលយកចូលពីស្តាំ ដេញតាមតុយកសំបុត្រ និងចេញទៅឆ្វេង។ មិនមែននៅផ្តុំគ្នាតែមុខប៉មយកសំបុត្រទេ។ លោក គិតថា ចែកយ៉ាងយូរ១ម៉ោងអស់ហេីយ បេីគាត់រៀបតុ អោយយកបានច្រេីននៅខាងក្រៅ។ ហេីយមិនខ្វះប្រជាការពារចាំជួយសម្រួល និង សណ្តាប់ធ្នាប់។

អ្នកស្នេហាកីឡាម្នាក់ទៀត បានលើកឡើងថា រូបគេ តម្រង់ជួរហាលក្តៅតាំងពីម៉ោង២ ដល់ម៉ោង៤៖២០នាទី មិនទទួលបានបានសំបុត្រចូលទស្សនានោះទេ ហើយខាតពេលវេលា ហើយមានអ្នកដួលសន្លប់។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយពន្យល់នៅឡើយទេនៅថ្ងៃទី ២ ខែឧសភានេះ ។

សូមរំលឹកថា ប្រមុខនៃរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានប្រកាសផ្តល់សំបុត្រ ចូលទស្សនា នៃការប្រកួតបាល់ទាត់ និង ការប្រកួតកីឡានានាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម មិនគិតថ្លៃនោះទេ៕