គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុម័ត លើ សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស និងការស្ដារឡើងវិញនូវធនធានធម្មជាតិ ជិវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា «សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ»នេះ គឺប្រមូលផ្ដុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្ម ឱ្យមានភាជាក់ស្ដែងនិយមសង្គត្តិភាព វិសាលភាពទូលំទលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។

លោកបន្តថា «សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ»នេះ បំពេញបន្ថែម និងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ពាក់ព័ន្ធនានា ដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល ច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្ដីការគ្រប់គ្រងធនធានទឹក។ល។

លោកបន្ថែមថា ក្នុងន័យនេះ «សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ» ត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍សំខាន់ ៣គឺ (១) លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិត្រូវបានធ្វើសមាហរណកម្ម (២) លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិត្រូវបានធ្វើសុខដុមនីយកម្ម និង(៣) លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាត្រូវបានធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម៕