អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះ MOU ជាមួយអង្គការវីនរ៉ក់អន្តរជាតិ ក្នុងការពង្រឹងសមត្ថភាព និងបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស

ភំ្នពេញ ៖អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះ អនុស្សារណៈយោគយល់គ្នា ( MOU) ជាមួយអង្គការវីនរ៉ក់អន្តរជាតិ ដើម្បីពង្រឹងសមត្ថភាព និងបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ដល់មន្រ្តីអនុវត្តច្បាប់ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុងពិធីចុះហត្ថលេខា នៅ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ថ្លែងថា ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឲ្យមានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអង្គការវីនរ៉ក់ ដែលមាន លោក ម៉ាក ថេយ៍លឺរ៍ ប្រធានគម្រោង ប្រយុទ្ឌប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា (WINROCK INTERNATIONAL) ។

លោកបន្តថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ គឺសំដៅទៅលើការពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលជាតិ ទាំងនៅនាយកដ្ឋាន និងរាជធានី-ខេត្ត ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចពលកម្មក្នុងគ្រប់រូបភាព ពិសេសអំពើកេងប្រវ័ញ្ចពលកម្មលើកុមារ និងអាជីវកម្មផ្លូវភេទ។

លោក ម៉ាក ថេយ៍លឺរ៍ ប្រធានគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា (WINROCK INTERNATIONAL) បានថ្លែងអំណរគុណដល់ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិសេសលោក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដែលបានសហការជាមួយអង្គការវីនរ៉ក់អន្តរជាតិ ដើម្បីបន្តការងារក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។

លោកបន្តថា អង្គការវីនរ៉ក់អន្តរជាតិ បានប្តេជ្ញាចិត្ត នឹងសហការជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីផ្ដួចផ្ដើមសកម្មភាពបង្ការទប់ស្កាត់តាមរយៈការផ្សព្វផ្សាយ ពីព័ត៌មានហានិភ័យ នៃករណីពលកម្មដោយបង្ខំ និងការគម្រាមកំហែងនានា នៃអំពើជួញដូរមនុស្ស ដូចជាការកេងប្រវ័ញ្ចពលកម្មនៅតាមឡឥដ្ឋ ក្រុមហ៊ុនជ្រើសរើសពលករដែលរំលោភកិច្ចសន្យា និងបោកប្រាស់លុយកាក់។

លោកបន្ថែមថា សកម្មភាពបង្ការអាចរាប់បញ្ចូលទាំងជំនួយក្នុងសកម្មភាពផ្សព្វផ្សាយច្បាប់ គោលការណ៍ សេចក្ដីណែនាំ ប្រកាស និងអនុក្រឹត្យពាក់ព័ន្ធ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជីវ ផល្លី បញ្ជាក់ថា តាមរយៈនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ជាសេនាធិការសហការគ្នាក្នុងការកសាងសមត្ថភាព លើការប្រមូលភស្តុតាង ទាក់ទងនឹងបទល្មើស នៃអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចពលកម្ម និងពលកម្មដោយបង្ខំ លើបុរស ស្ត្រី និងកុមារ។

អង្គការវីនរ៉ក់អន្តរជាតិ ត្រូវសម្របសម្រួលជាមួយតំណាងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្នុងការរៀបចំប្រធានបទបណ្តុះបណ្តាលដល់មន្រ្តីជំនាញ រួមមាន បច្ចេកទេស ស៊ើបអង្កេត ប្រមូលភស្តុតាង ពាក់ព័ន្ធអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចគ្រប់ទម្រង់ផ្សេងៗទៀត។

កិច្ចសហការក្នុងការពង្រឹងសមត្ថភាពរួមមាន ៖ ការពង្រឹងសមត្ថភាពដល់មន្ត្រីស៊ើបអង្កេត នៃការិយាល័យប្រឆាំងអំពើជួញដូរមនុស្សនិងការពារអនីតិជននៅនាយកដ្ឋាន និងបណ្តារាជធានី-ខេត្តអទិភាព ដែលមានការចង្អុលបង្ហាញថា ជា “ តំបន់គោលដៅ “ នៃករណីជួញដូរមនុស្ស៕