លោក នេត្រ សាវឿន៖ កងកម្លាំសមត្ថកិច្ច ត្រូវការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានជាដាច់ខាត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម

ភ្នំពេញ៖ លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានតម្រូវ ឱ្យ កងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ត្រូវតែរួមគ្នាដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានជាដាច់ខាត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងកិច្ចប្រជុំនៅថ្ងៃទី ២៦ ខែមេសា ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ លោកនេត សាវឿនបានសង្កត់ធ្ងន់ថា ការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានជាដាច់ខាតនេះ គឺដើម្បីលើកស្ទូយនូវកិត្តិយស និងកិត្យានុភាពជាតិកម្ពុជាទាំងមូល ទាំងក្នុងតំបន់ និងអន្តរជាតិ។ លោកថ្លែងថា «យើងខិតខំទាំងអស់គ្នាដើម្បីសម្រេចភារកិច្ច ប្រកបដោយមោទនភាពជាតិនេះ “។

លោកបញ្ជាក់ទៀតថាគ្រប់កងកម្លាំងទាំងអស់ដែលពាក់ព័ន្ធកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ត្រូវយកចិត្តទុកដាក់លើការងារអាទិភាព រួមទាំងតម្រាយផ្លូវ កន្លែងស្នាក់នៅ ទីកន្លែងប្រកួត និងត្រៀមលក្ខណៈសម្បត្តិដើម្បីបង្ការហេតុការណ៍ដែលកើតឡើងជាយថាហេតុ។

ទាំងលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស និងលោក សៅ សុខាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឯកភាពទាំងស្រុងចំពោះផែនការ និងបាន ចាត់ទុកថា ជាចំណុចសំខាន់ដើម្បីចូលរួមចំណែករក្សាការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ដ្រមួយនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា កិច្ចប្រជុំដែលធ្វើឡើងនៅនាយកដ្ឋានអង្គរក្សនេះ គឺដើម្បីធ្វើការត្រួតពិនិត្យវឌ្ឍនភាពកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីប្រកួតកីឡា SEA Games – ASEAN Para Games 2023 ព្រមទាំងស្វែងយល់បញ្ហាប្រឈមដើម្បីដាក់ចេញវិធានការរួមគ្នាដោះស្រាយបានសមស្រប និងទាន់ពេលវេលាផងដែរ។

លោក បន្ដទៀតថា កិច្ចប្រជុំក៏បានពិគ្រោះយោបល់គ្នាយ៉ាងយកចិត្តទុកដាក់ត្រៀមកម្លាំងអន្ដរាគមន៍ ការដាក់បន្ថែមកម្លាំងនូវគោលដៅដែលបារម្ភ។ អង្គប្រជុំបានឯកភាពគ្នាចំពោះគោលការណ៍ទាំងអស់ ដោយត្រូវពង្រឹងឲ្យបានជាដាច់ខាតនូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ពិសេសរាជធានីភ្នំពេញ ត្រូវទប់ស្កាត់អំពើល្មើសផ្សេងៗ រួមទាំងការរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ចរាចរណ៍ ជៀសវាងការកកស្ទះធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ។

លោកបន្ថែមថា ដោយឡែកសម្រាប់ទីតាំងប្រកួតត្រូវតែធានាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ព្រោះតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឲ្យចូលទស្សនាដោយសេរី ដូច្នេះចំនួនអ្នកចូលទស្សនាអាចមានចំនួនច្រើន ដែលត្រូវម្ចាការគ្រប់គ្រងស្ថានការណ៍ទាំងអស់នោះ។

លោក ឆាយ គឹមខឿន បានសង្កត់ធ្ងន់ទៀតថា អង្គប្រជុំបានឯកភាពគ្នាប្រើប្រាស់មធ្យោបាយសរុប វិធានការសរុប និងកម្លាំងសរុបដើម្បីសហការលើកស្ទួយកិត្តិយសជាតិ និងកិត្យានុភាពជាតិ តាមរយៈការរក្សាឲ្យបានដាច់ខាតនូវស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍ទាំងមូល។

គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៨ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។
SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕