ឃាត់ខ្លួនជនជាតិចិន២នាក់និងរឹបអូសថ្នាំញៀនជាង៣គីឡូក្រាមក្នុងការបង្រ្កាប២គោលដៅផ្សេងគ្នា

ភ្នំពេញ: មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅវេលាម៉ោង១៣ម៉ោង០០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣បានសហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ស្រាវជ្រាវបង្ក្រាបករណីរក្សាទុកជួញដូរសារធាតុញៀននៅ២គោលដៅផ្សេងគ្នាក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ គោលដៅទី១ ស្ថិតនៅស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី២ ស្ថិតនៅខុនដូ ស្តាបេ ភូមិ១ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ និងរឹបអូសវត្ថុតាងសារធាតុញៀនជាង៣គីឡូក្រាម។

ជនសង្ស័យទាំងពីរនាក់ដែលត្រូវចាប់ខ្លួនរួមមាន៖ ទី១ឈ្មោះ.Wang Xiao Feng ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន និងទី២ឈ្មោះHe Jin Hao ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន។

ចំពោះវត្ថុតាងដែលចាប់បានរួមមាន៖ សារធាតុញៀន MDMA ទម្ងន់២៨៣៤ក្រាម សារធាតុញៀន ខេតាមីន ទម្ងន់៧៧៦ក្រាម និងសារធាតុញៀនម៉េតំហ្វេតាមីនទម្ងន់១,៨០ក្រាម សរុបចំនួន៣គីឡូក្រាមនិង៦១១,៨០ក្រាម។ យ៉ាងណា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕