ព្រឹត្តិការណ៍ស៊ីហ្គេម! មនុស្សកកកុញទៅទទួលយកសំបុត្រចូលទស្សនាស៊ីហ្គេមនៅពហុកីឡដ្ឋានអូឡាំពិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ មនុស្សកកកុញបានទៅទទួលយសំបុត្រចូលទស្សនាស៊ីហ្គេមនៅពហុកីឡដ្ឋានអូឡាំពិក ដែលជាព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រក្នុងរយៈពេល៦៤ឆ្នាំទើបមានម្ដង ហើយត្រូវបានកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជាក់ថា កម្មវិធីកក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឥឡូវនេះ បានដាក់ឱ្យដំណើរការហើយនៅលើ Cambodia 2023 App ដែលអភិវឌ្ឍដោយ Pathmazing ហើយលោកអ្នកអាចកក់សំបុត្រសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនេះនិងទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិរបស់កម្ពុជា ដោយអនុវត្តនូវជំហានដូចខាងក្រោម ៖
១. កក់សំបុត្ររបស់អ្នកនៅលើកម្មវិធី Cambodia 2023 App ដោយប្រើប្រាស់គណនីដែលអ្នកបានចុះឈ្មោះ។ ២. បើកសំបុត្ររបស់អ្នកដោយបង្ហាញកូដ QR របស់អ្នក (ដែលអ្នកនឹងទទួលបាននៅពេលចុះឈ្មោះកក់សំបុត្ររបស់អ្នកដោយជោគជ័យ) នៅតាមទីតាំងទទួលសំបុត្រទាំង ៦កន្លែង ដែលមាននៅផ្សារទំនើប អ៊ីអន ទាំង ៣, Eden Garden, ពហុកីឡដ្ឋានជាតិ មរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក ។

សម្រាប់ការប្រកួតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងក្រុម ឥណ្ឌូណេស៊ីទល់នឹង ហ្វីលីពីន និងការប្រកួត កម្ពុជា ទល់នឹង ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក បងប្អូនអាចទៅយកសំបុត្រឥតគិតថ្លៃ បានចាប់ពីថ្ងៃច័ន្ទ វេលាម៉ោង ១២ថ្ងៃត្រង់នេះតទៅ នៅតាមទីតាំងដូចបានជម្រាបក្នុងរូបភាព ដោយមិនចាំបាក់ធ្វើការកក់តាម App ទុកជាមុនឡើយ។

បញ្ជាក់៖ ក្នុង ១នាក់ អាចទទួលបាន ២សំបុត្រ និង សំបុត្រ ១សន្លឹក អាចប្រើប្រាស់បាន ២ប្រកួត៕