លោក ជិន ម៉ាលីន ដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជាចំនួន ១២ រូប ចេញទៅបំពេញទស្សនកិច្ចសិក្សានៅកូរ៉េ

ភ្នំពេញ៖លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌តាមការចាត់តាំងរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជាចំនួន ១២ រូប ចេញទៅបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម នៅសាធារណៈរដ្ឋកូរ៉េ រយៈពេល៤ថ្ងៃ។

បើតាមក្រសួងយុត្តិធម ការទៅធ្វើទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍នេះ គឺតបតាមការអញ្ជើញរបស់ក្រសួងយុត្តិធម៌នៃសាធារណៈរដ្ឋកូរ៉េ ដែលជាកិច្ចសហការទ្វេរភាគីរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េខាងត្បូង ដើម្បីរឹតចំណងមិត្តភាពលើកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងការអភិវឌ្ឍវិស័យយុត្តិធម៌។

ដំណើរទស្សនកិច្ចសិក្សារយៈពេល៤ថ្ងៃនេះ នឹងផ្តោតលើកម្មវិធីសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-ការធ្វើសិក្ខាសាលារួមគ្នារវាងភាគីកម្ពុជា និងកូរ៉េ ពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍គ្នា អំពីការរៀបចំក្របខណ្ឌច្បាប់ គោលនយោបាយ និងយន្តការសន្ធានកម្ម រវាងប្រទេសទាំង២
២-ការធ្វើទស្សនកិច្ចអំពីការអនុវត្តយន្តការសន្ធានកម្មសហគមន៍ និងភ្ជាប់តុលាការ៕