ពិតជាបុរសចិត្តសឿងមែន!ជិះម៉ូតូវ៉ារថយន្ដរួចឈប់ម៉ូតូដើរចូលរថយន្ដធ្វើព្រងើយ បណ្ដាលឱ្យកិនស្លា.ប់មួយរំពេច

បន្ទាយមានជ័យ៖ បុរសម្នាក់ជិះម៉ូតូវ៉ារថយន្តរួចឈប់ម៉ូតូដើរចូលរថយន្តបណ្ដាលឱ្យកិនបែកក្បាលស្លាប់មួយរំពេច។

គ្រោះថ្នាក់ខាងលើនេះកើតឡើងនៅវេលាម៉ោង១០.០០ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ព្រំដែន ក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ ឡៃ អះស្នា អាយុ២៨ រស់នៅក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកសង់ឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប.1AD-4621 ធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែភ្លាមនោះជនរងគ្រោះឡើងវ៉ារថយន្តក្រឡុកស៊ីម៉ង់ត៌មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ5A-3148 រួចចតម៉ូតូនៅខាងឆ្វេងដៃ ដើរអោនៗ ទៅអង្គុយពីមុខរថយន្ត ឯតៃកុងមើលមិនឃើញជនរងគ្រោះ ទើបបណ្ដាលឱ្យកិនស្លាប់តែម្ដង។

ដោយឡែកប្រពន្ធជនរងគ្រោះបានឱ្យដឹងទៀតថា ប្តីខ្លួនមួយរយៈនេះមិនដឹងកើតអ្វីនោះទេ និយាយប្លែកៗ ហើយបានសុំលុយទិញថ្នាំលេបសម្លាប់ខ្លួន តែរូបគាត់(ប្រពន្ធ) មិនចាប់អារម្មណ៍ ស្មានតែប្តីនិយាយលេង ក៏ឲ្យលុយ២ម៉ឺនរៀលទៅ តែបែរជាគាត់ដើរចូលឡានសម្លាប់ខ្លួនទៅវិញ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះមកវាស់វែងធ្វើកំណត់ហេតុ រួចប្រគល់សពជូនសាច់ញាតិអោយយកទៅធ្វើបុណ្យតាមប្រពៃណី៕