ភ្នំពេញ៖ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតរបស់កម្ពុជា ហើយដែលសភា ស៊ីវិលនៅសហព័ន្ធរុស្ស៊ីមានការចាប់អារម្មណ៍ និងតាមដាន។
ការថ្លែងរបស់លោក Anatoly BOROVIK ធ្វើឡើងនៅទី២០ ខែមេសា ឆ្នាំ២០២៣ ក្នុងពេលលោកជួប ជាមួយលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប)ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការមជ្ឈិមរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី ជាមួយនឹង គ.ជ.ប កម្ពុជា។
លោកក៏បានសម្តែងនូវការជឿជាក់ ដំណើការបោះឆ្នោត នៅពេលខាងមុខនឹង ទទួលបានជោគជ័យក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនេះ។
ជាមួយគ្នានេះ សហព័ន្ធ- រុស្ស៊ី អបអរសាទរចំពោះ គ.ជ.ប កម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយជោគជ័យ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ ប្រជាធិបតេយ្យនៅកម្ពុជាមានលក្ខណៈសមស្រប ទៅនឹងកត្តាប្រជាសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងនយោបាយជាក់ស្ដែងពិតប្រាកដរបស់កម្ពុជា។
លោកក៏បានរំលឹកអំពីអនុស្សរណៈ ដែលភាគីគណៈកម្មាធិការមជ្ឈិមរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី និងភាគី គ.ជ.ប កម្ពុជា បានចុះហត្ថលេខាជាមួយគ្នា កាលពីឆ្នាំ២០១៨ នៅទីក្រុងមូស្គូ ហើយលោកចង់ជំរុញឱ្យមានការអនុវត្តជាក់ស្តែងដើម្បីផ្លាស់ប្ដូរ អ្នកជំនាញរៀបចំការបោះឆ្នោត ព្រមទាំងមានការសង្កេតមើលការបោះឆ្នោត ការធ្វើសិក្ខាសាលា សន្និសីទបែបវិទ្យាសាស្ត្រ និងកិច្ចប្រជុំតុមូលដែលមានផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងមានការចាត់បញ្ជូនតំណាង ដើម្បីពិនិត្យមើលការរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋនៃភាគីនីមួយៗ ជាដើម ។ល។
ពាក់ព័ន្ធនឹងការងារទំនាក់ទំនងរវាងភាគីទាំងពីរ លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប មានប្រសាសន៍ថា កន្លងមក គ.ជ.ប កម្ពុជា ធ្លាប់បញ្ជូនប្រតិភូរបស់ខ្លួនទៅសង្កេតមើលការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងបានចូលរួមសន្និសីទអន្តរជាតិនៅសហព័ន្ធរុស្ស៊ីផងដែរ។
លោកបន្តថា ថា គ.ជ.ប នឹងអញ្ជើញស្ថានទូតនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតមើលការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាភ្ញៀវពិសេស។
លោក ប្រាជ្ញ ចន្ទ ក៏យល់ស្របផងដែរថា ត្រូវជំរុញកិច្ចសហប្រតិបត្តិការរវាង គ.ជ.ប កម្ពុជា និងគណៈកម្មាធិការមជ្ឈិមរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី ដើម្បីធ្វើឱ្យមានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនេះ នៅពេលមានការជួបពិភាក្សាផ្ទាល់រវាងភាគីទាំងពីរ៕