CAMSOC ផ្តល់សំបុត្រឥតគិតថ្លៃ៣០០០ ដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ទស្សនាស៊ីហ្គេម

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានផ្តល់សំបុត្រឥតគិតថ្លៃ ចំនួន៣០០០សំបុត្រ សម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ទាំងក្នុងពិធីបើក និងបិទ។

CAMSOC ក៏បានណែនាំប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសទាំងអស់ ចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ www.overseaskhmer2023.com។

CAMSOC បន្ថែមថា ក្រោយពេលបានចុះឈ្មោះរួចរាល់ ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសអាចមកទទួលយកសំបុត្រដោយផ្ទាល់ ឬអាចស្នើសុំឲ្យបងប្អូន សាច់ញាតិ ឬមិត្តភក្ដិរស់នៅកម្ពុជាមកទទួលយកជំនួសបានពីបញ្ជរផ្តល់សំបុត្រឥតគិតថ្លៃ មានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣៕