ភ្នំពេញ៖ ជៀសវាងការកកស្ទះ និងរង់ចាំយូរ អ្នកធ្វើដំណើនៅតាមផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ អាចចូលចេញ នៅគន្លងអាទិភាព ANPR ដោយគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខយានយន្ត (ដូចបញ្ចូលទឹកប្រាក់ទៅក្នុងលេខទូរសព្ទ) តាមធនាគារដៃគូរជាការស្រេច។
ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ដើម្បីកាត់បន្ថយការរង់ចាំយូរ ចាំយកកាត និងប្រើប្រាស់សាច់ប្រាក់នៅគន្លងចេញចូល បងប្អូនអាចប្រើប្រាស់គន្លង ANPR ដោយគ្រាន់តែបញ្ចូលសមតុល្យជាមុនជាការស្រេច។ ការចេញចូលនៅគន្លងនេះ មានលក្ខណៈសាមញ្ញ ដោយមិនរង់ចាំយូរ មិនចាំបាច់ប្រើកាត និងកាត់សមតុល្យដោយស្វ័យប្រវត្តិ ទៅតាមចម្ងាយផ្លូវធ្វើដំណើរ។ បងប្អូនអាចធ្វើដំណើរតាមគន្លង ANPR ដែលមានសញ្ញា ANPR នៅខាងឆ្វេងច្រកចេញចូលដែលជាប់នឹងគន្លង ETC។
ក្រសួងបញ្ជាក់ថា ដើម្បីសម្រួលដល់ការធ្វើដំណើរឱ្យត្រូវតាមគន្លងផ្លូវ ក្រុមហ៊ុនផ្លូវល្បឿនលឿនបានដាក់ដំណើរការផ្លាកសញ្ញាបង្ហាញច្រក ANPR និងគំនូសសញ្ញាគន្លងផ្លូវនីមួយៗនៅច្រកចំនួន ៤ រួមមាន៖ ច្រកភ្នំពេញ ច្រកកំពង់ស្ពឺកើត ច្រកស្ទឹងហាវ និងច្រកព្រះសីហនុ។
បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៨ ដូចជា៖ ១. ធនាគារ ជីបម៉ុង(Chip Mong Bank) ២. ធនាគារ អេស៊ីលីដា(ACLEDA Bank) ៣. ធនាគារវីង(Wing Bank) ៤. ធនាគារ វឌ្ឍនៈ(VATTANAC Bank) ៥. ធនាគារកាណាឌីយ៉ា(Canadia Bank) ៦. លីហួរវេរលុយ (LyHour PayPro) ៧. ធនាគារព្រីនស៍ (PRINCE Bank) និង៨. ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank)
សូមចូលទៅកាន់វែបសាយដែលភ្ជាប់ទៅកាន់ ធនាគារដែលអាចបញ្ជូលប្រាក់តាមផ្លាកលេខសម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh ។
លោកអ្នកអាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត៕