ភ្នំពេញ៖លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា ការចេញអនុក្រឹត្យសម្រេច បញ្ចប់មុខដំណែង លោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរបស់សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលមិនមានទាស់ខុសទៅនឹងនិតិវិច្បាប់អ្វីនោះទេ ។
លោក ជិន ម៉ាលីន ប្រាប់សារព័ត៌មាន KHMER CM នៅថ្ងៃទី ១១ ខែមេសាថា ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន មានសិទ្ធិក្នុងការចាត់វិធានការរដ្ឋបាលបាន ក្នុងការបញ្ចប់មុខដំណែងនេះ ។ រីឯផ្លូវច្បាប់ តុលាការនឹងពិនិត្យចាត់វិធានការបន្ត។ លោក កើត រិទ្ធ ក្នុងនាមប្រធានឋានានុក្រមរបស់ព្រះរាជអាជ្ញា នឹងធ្វើការសម្របសម្រួលតាមរយៈព្រះរាជអាជ្ញា ស្នើសុំឱ្យមានការឃុំខ្លួនជាបណ្តោះអាសន្ន និងចូលរួមនិតិវិធីបន្តទៀត ។
លោកថ្លែងថា ករណីខាងលើនេះ តាមនិតិវិធីច្បាប់គឺមិនមានទាស់ខុសអ្វីនោះទេ »។
សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ នេះ បានចេញអនុក្រឹត្យ បញ្ចប់មុខដំណែង លោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ពាក់ព័ន្ធនឹងអាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា «បើតុលាការមិនចាត់ការតាមផ្លូវ ច្បាប់ទេទុកឲ្យខ្ញុំដាក់វិន័យតាម ផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ នេះជាសារព្រមានចំពោះមន្ត្រី ទាំងអស់សូមកុំអាងអំណាចធ្វើ បាបអ្នកទន់ខ្សោយជាពិសេស សូមកុំប្រើប្រាស់អាវុធខុសច្បាប់»។
សម្តេចបន្តថា «សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការសូមកុំឲ្យ ជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេល កាត់ទោសដែលជននោះអាច តាមគំរាមកំហែងដល់អ្នកផ្សេងទៀត»៕