ភ្នំពេញ ៖ លោកស្រីតំណាងស្ថាប័ន Guinness World Records បានមកដល់ទឹកដីក្រុងសៀមរាប ខេត្តសៀមរាបហើយ នាព្រឹកថ្ងៃ១១ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។
ការមកដល់របស់លោកស្រីតំណាងស្ថាប័ន Guinness World Records ត្រូវបានទទួលស្វាគមយ៉ាងកក់ក្តៅពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលជាអ្នកផ្តួចផ្តើមកម្មវិធីនេះឡើង។
សូមជម្រាបជូនថា នៅសល់ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” នឹងធ្វើឡើងជាផ្លូវការនាវេលាម៉ោង ៤រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណប្រាសាទអង្គរវត្ត ។ ដូច្នេះពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីជាសក្ខីភាពនៃការបំបែកឯតទគ្គកម្មពិភពលោកនេះ។
ជាមួយនឹងសារ “បេះដូងច្រើនជាងគេលើពិភពលោក” ក៏បានអមដោយពាក្យស្លោកមួយឃ្លាដែរថា “បេះដូងលោតក្នុងចង្វាក់តែមួយ” ហើយក៏បានរំលេចនូវសារដ៏មានន័យថា “បេះដូងខ្មែរគ្រប់ទិសទី មូលមីរនៅអង្គរ បង្កើនសម្រស់ដ៏ស្រស់បវរ សាទរមរតកដូនតា។ បេះដូងនៃក្តីសប្បុរស ជូនអត្តពលិកមានពិការ ពោរពេញដោយក្តីស្នេហា រៀបរាប់ភាសាបេះដូងយើង”៕