ប៉មសម្រាប់ទស្សនាសត្វស្លាបកម្ពស់ ១៦ ម៉ែត្រនៅខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

កំពតៈ ប៉មសម្រាប់ទស្សនាសត្វស្លាបកម្ពស់ ១៦ ម៉ែត្រសាងសង់ដោយប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់បម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី និងការសិក្សាស្រាវជ្រាវពីប្រភេទសត្វស្លាបនានានៅក្នុងតំបន់ការពារទេសភាពបឹងអន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

ក្រោយសម្ពោធដាក់ ឱ្យដំណើការ អាជ្ញាធរ និងប្រជាសហគមន៍នៅក្នុងតំបន់នេះបានសម្តែងការ អបអរសាទរនឹងសមិទ្ធផលថ្មីនេះ និងជឿជាក់ថាភ្ញៀវទេសចរជាតិនិងអន្តរជាតិនឹងអញ្ជើញមកទស្សនាសត្វស្លាបជាពិសេសសត្វក្រៀលនៅតំបន់នេះកាន់តែច្រើនបន្ថែមទៀត អាចបង្កើតការងារនិងបង្កើតចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានសាងសង់ប៉មទស្សនាសត្វស្លាបជូនដល់តំបន់ការពារទេសភាពដែលជាតំបន់ការពារធម្មជាតិក្នុងគោលបំណងបម្រើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិបន្ថែមទៀត និងជំរុញឱ្យតំបន់ការពារធម្មជាតិ ក្លាយជាកន្លែងដែលអាចទាក់ទាញទេសចរជិតឆ្ងាយឱ្យមកទស្សនា ដែលបានរួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដើម្បីជួយគាំទ្រចំណូលបន្ថែមទៀតដល់ប្រជាសហគមន៍ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

លោកបន្ត ថា ក្រសួងបរិស្ថានបាន និងកំពុងសាងសង់ប៉មសម្រាប់មើលសត្វចំនួន ១០កន្លែង ស្ថិតក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ កំពត កែប និងកំពង់ចាម។ ប៉មចំនួន០៧ត្រូវបានសាងសង់រួចរាល់ជាស្ថាពរនិងបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ហើយ និងប៉មចំនួន ០៣ កន្លែងទៀត បានជ្រើសរើសទីតាំងរួចរាល់ ហើយបាននិងកំពុងសាងសង់ជាបន្តបន្ទាប់។

លោកបន្ថែមថា តំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារទាំង០៤ ក្នុងភូមិសាស្រ្តខេត្តកំពត មានផ្ទៃដីសរុបទំហំ ២១៧ ហិកតា ស្ថិតក្នុងភូមិចំនួន០៣ (ភូមិច្រេស ភូមិកោះចំការ និងភូមិកោះត្នោត ឃុំចំនួន០២ (ឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស) ស្រុកកំពង់ត្រាច ខេត្តកំពត។ ការបង្កើតតំបន់ការពារទេសភាពអន្លង់ព្រីងនេះ ក្នុងគោលបំណងថែរក្សា ការពារ និងអភិរក្ស ធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និងជីវចម្រុះក្នុងតំបន់នេះ ជាពិសេសវាជាទីជម្រក និងកន្លែងរកចំណីរបស់សត្វក្រៀល និងពពួកសត្វស្លាប់ជាច្រើនទៀតសរុបចំនួន៩៣ប្រភេទ។ សត្វក្រៀល ជាប្រភេទសត្វកម្រដែលជិតផុតពូជនៅលើពិភពលោក និងតែងតែមានវត្តមាននៅតំបន់ការពារទេសភាពបឹងអន្លង់ព្រីងនៅរៀងរាល់ឆ្នាំក្នុងកំឡុងខែធ្នូ ដល់ខែឧសភា។

បើតាម លោក នេត្រ ភក្ត្រា ឆ្នាំ២០២៣នេះ សត្វក្រៀលដែលមានវត្តមាននៅតំបន់ការពារទេសភាពបឹងអន្លង់ព្រីងសរុបចំនួន ១០៣ក្បាល (ជំទង់ ០៩ក្បាល) មានការកើនឡើងចំនួន ៦ ក្បាល បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានសត្វក្រៀលចំនួន ៩៧ក្បាល (ជំទង់១១ក្បាល)។

លោក នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានថ្លែងថា បានថ្លែងអបអរសាទរសមិទ្ធផលថ្មីនេះ ដែលជាការចូលរួមចំណែកក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍតំបន់ការពារទេសភាពបឹងអន្លង់ព្រីងនេះ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដើរកម្សាន្ត និងមើលសត្វស្លាបជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង នេះ ដែលគ្របដណ្តប់ទៅដោយធនធានធម្មជាតិ និងសត្វស្លាបគ្រប់ប្រភេទ ដែលមានសក្តានុពលពុំអាចកាត់ថ្លៃបានរួមមាន សត្វស្លាបសរុបចំនួន ៩៣ ប្រភេទ ជាពិសេសសត្វក្រៀល គឺជាសត្វកម្រជិតផុតពូជ តែងតែមករកចំណីនៅតំបន់នេះជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូ ដល់ខែឧសភា៕