ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ សម្រេច ផ្តល់ ១០០០ ដុល្លារ ដល់កីឡាករប្រេស៊ីល Thiago Teixeira ដែល ត្រូវបានស្ថាប័នម៉ឺយថៃពិភពលោក ប្រកាសដកហូតខ្សែក្រវ៉ាត់ WMO World Title និង មិនឱ្យតម្លៃខ្លួនក្រោយពីការប្រកួតកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដែលគាត់តំណាងបានប្រកួតតំណាង «គុនខ្មែរ»។
លោក ខៀវ កាញ្ញារីទ្ធ បានសរសេរនៅលើទំព័រហ្វេសបុកនៅថ្ងៃទី ៨ ខែមេសាថា «ឃើញគេមិនអោយលុយអ្នកប្រដាល់ប្រេស៊ីលព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស ( គេត្រូវហាមមុនឡើងប្រដាល់ ) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង ។ ខ្ញុំផ្ទាល់សូមផ្ញើលុយ ១ ០០០ ដុល្លារទៅគាត់ តាមរយៈសមាគមប្រដាល់គុនខ្មែរយើង» ។
កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ត្រូវបានស្ថាប័នម៉ឺយថៃពិភពលោក ប្រកាសដកហូតខ្សែក្រវ៉ាត់ WMO World Title និងហាមឃាត់គាត់ពីគ្រប់សកម្មភាពទាំងអស់ពាក់ព័ន្ធនឹង WMO ក្រោយពីការប្រកួតកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដែលគាត់តំណាងបានប្រកួតតំណាង «គុនខ្មែរ» នៅសង្វៀន Apex Fight Series របស់ប្រទេសអាឡឺម៉ង់ និងបានឈ្នះខ្សែក្រវ៉ាត់ WMO World Muay Thai Organization Middleweight ពីការប្រកួតមួយនោះ៕