មេបក្សប្រជាជនកម្ពុជា នៅតែស្វាគមន៍សកម្មជន សមាជិកមកពីបក្សនានា

ភ្នំពេញ ៖ ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសបន្តស្វាគមន៍សកម្មជន សមាជិក សមាជិកា នៃបណ្តាគណបក្សនយោបាយនានាមកចូលរួម ដើម្បីថែរក្សាការពារសន្តិភាព និងអភិវឌ្ឍកម្ពុជា។

នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៧ ខែមេសា ។

ក្នុងសេចក្តីប្រកាសសម្ដេចតេជោបញ្ជាក់ថា «រាជរដ្ឋាភិ បាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តស្វាគមន៍ដល់សកម្មជន សមាជិក សមាជិកានៃបណ្តាគណបក្សនយោបាយនានា មកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្នុងស្មារតីសាមគ្គីជាតិ ដើម្បីថែរក្សាការពារសន្តិភាព និងអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជា»។

ការប្រកាសស្វាគមន៍របស់សម្តេចនេះ ធ្វើឡើងក្រោយពីយុវជនមួយចំនួនមកពីបណ្តាអង្គការនិងជាពិសេសលោក សាម អ៊ីន និងមន្រ្តីម្នាក់ទៀតរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានមកសុំចូលរួមជាមួយបក្សប្រជាជនកម្ពុជា។ ឃើញថា មួយរយៈពេលចុងក្រោយនេះដែលកាន់តែគៀកចូលដល់ការបោះឆ្នោតថ្នាក់ជានាខែកក្កដា ខាងមុខ មានសមាជិកបក្សដទៃមកចូលរួមក្នុងជីវភាពនយោបាយជាមួយបក្សកាន់អំណាចជាហូរហែរ៕