ភ្នំពេញ៖ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ (ប.ន.ត.រ) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃរួចរាល់ហើយ និងមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវរៀបចំបែបបទ និងពាក្យសុំមក គ.ជ.ប តាមពាក្យសុំ ទ.១០០៨ និងត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ ដូចមានចែងក្នុងចំណុច ៤.៧.៣ នៃ ប.ន.ត.រ ។ ចំពោះបទប្បញ្ញត្តិ ដូចមានចែងក្នុងចំណុច ៤.៧.៣.១ ចំណុច ៤.៧.៣.៤ ចំណុច ៤.៧.៣.៥ និងចំណុច ៤.៧.៣.១០ គឺតម្រូវឱ្យគណបក្សនយោបាយអនុវត្តតាមការកំណត់ដូចខាងក្រោម ៖
១. សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ
គណបក្សនយោបាយត្រូវភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ(ការិយាល័យច្រកចេញចូលតែមួយ)។
២. ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
គណបក្សនយោបាយត្រូវរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស។ បញ្ជីនេះ ត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច ១/៣ (មួយភាគបី) នៃចំនួនអាសនៈក្នុងរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ។ ក្នុងន័យនេះ ត្រូវបានកំណត់យកបេក្ខជនពេញសិទ្ធិយ៉ាងតិច ៤២ (សែសិបពីរ) រូប នៃចំនួនអាសនៈសរុបក្នុងរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ។
បញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលត្រូវមានបេក្ខជនគ្រប់តាមចំនួនអាសនៈ និងតាមគំរូដែល គ.ជ.ប ផ្តល់ជូន។ ចំពោះមណ្ឌលបោះឆ្នោតដែលមានអាសនៈ ១ (មួយ) ឬ ២ (ពីរ) ត្រូវមានបេក្ខជនបម្រុងយ៉ាងតិច ៣ (បី) រូប។
៣.ការបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល
គណបក្សនយោបាយត្រូវធ្វើពាក្យស្នើសុំបង់ប្រាក់តម្កល់មក គ.ជ.ប (ពាក្យស្នើសុំដូចមានភ្ជាប់ក្នុងទម្រង់បែបបទលេខ ១០០៨)។ ក្រោយពី គ.ជ.ប បានធ្វើលិខិតទៅអគ្គនាយកដ្ឋានរតនាគារជាតិ អំពីសំណើសុំអនុញ្ញាតឱ្យគណបក្សនយោបាយបង់ប្រាក់តម្កល់រួចហើយ គ.ជ.ប នឹងជូនដំណឹងទៅសាមីគណបក្សនយោបាយឱ្យអញ្ជើញទៅបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល នៅធនាគារជាតិនៃកម្ពុជា (គណនីចរន្តរបស់អគ្គនាយកដ្ឋានរតនាគារជាតិលេខ 000000001111)។ បន្ទាប់ពីទទួលបានបណ្ណបង់ប្រាក់តម្កល់ពីធនាគារជាតិនៃកម្ពុជា សាមីគណបក្សនយោបាយត្រូវយកបណ្ណបង់ប្រាក់តម្កល់នេះទៅអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីទទួលបានបង្កាន់ដៃបង់ប្រាក់តម្កល់ (លិខិតជូនដំណឹងឥណទានពីអគ្គនាយកដ្ឋានរតនាគារជាតិ)។
គ.ជ.ប សង្ឃឹមទុកជាមុនថា គ្រប់គណបក្សនយោបាយនឹងអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕