ឱកាសការងារ ១៤៤ កន្លែង នឹងផ្តល់ជូននៅថ្ងៃស្អែក

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចសម្ភាសការងាររយៈពេល១ថ្ងៃពេញ ដោយមានក្រុមហ៊ុនធំៗចំនួន ៤ ចូលរួមផ្តល់ឱកាសការងារសរុបចំនួន ១៤៤ កន្លែងសម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅថ្ងៃ ទី៦ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាម ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្រុមហ៊ុនធំៗទាំង៤ ដែលចូលរួមនោះមាន៖ ផ្សារទំនើបម៉ាក្រូ ក្រុមហ៊ុន IDD ក្រុមហ៊ុនទូរស័ព្ទចល័ត CELLCARD និង ក្រុមហ៊ុន JACCS ផងដែរ។ សម្រាប់ សិស្ស-និស្សិត សាធារណៈជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួមដាក់ពាក្យសម្ភាសជាមួយតំណាងក្រុមហ៊ុនដោយផ្ទាល់ និងកុំភ្លេច រៀបចំខ្លួនឲ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួនផងដែរ៕