ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធលួចម៉ូតូអ្នកដទៃនៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ សមត្ថកិច្ចក្រុងព្រះសីហនុ បានឃាត់ខ្លួន ជនសង្ស័យម្នាក់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ក្នុងករណីចោរកម្មលួចម៉ូតូ នៅមុខបន្ទប់ជួលនៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហុនបញ្ជាក់ថា ក្រោយហេតុការណ៍ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅអធិការនគរបាលក្រុងព្រះសីហនុ ។ បន្ទាប់ពីទទួលបានបណ្តឹងនេះភ្លាម លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើស្រាវជ្រាវស្វែងរកនិងកំណត់មុខសញ្ញាបានព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ យកមកធ្វើការសាកសួរ ។

ប្រភពដដែលនេះបន្តថា ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូពិតប្រាកដមែន ។ ជនរងគ្រោះឈ្មោះ ឆិន សុវណ្ណ ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ ។ រីឯក ជនសង្ស័យមានឈ្មោះ ផល ផានន់ ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅក្បែរកន្លែងកើតហេតុ ។

សមត្ថកិច្ចខេត្តបានដកហូតសម្ភារៈមួយចំនួន រួមមាន ម៉ូតូម៉ាក HONDA BEAT ពណ៌ខៀវ ស្លាកលេខ ព្រះសីហនុ 1F-6532 ដែលមានលេខតួ JF96E9D14593 និង លេខម៉ាស៊ីន CH110C-9059191 ចំនួន ០១គ្រឿង (ជារបស់ជនរងគ្រោះ) ។ បច្ចុប្បន្នសង្ស័យ០១នាក់ខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមនិតិវិធី ច្បាប់ ៕