ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានជំរុញលើកទឹកចិត្តវិនិយោគិនចិន ឱ្យបណ្តាក់ទុនវិនិយោគក្នុងវិស័យគន្លឹះមួយចំនួនដែលកម្ពុជាមានសក្តានុពលធំធេងសម្រាប់បំពេញតម្រូវការផ្គត់ផ្គង់របស់តំបន់ និងសកលលោក។
ការជំរុញលើកទឹកចិត្តរបស់លោក ជា វុទ្ធី ធ្វើឡើងក្នុងពេលទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមវិនិយោគិននិងធុរជនខេត្តសានតុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជានៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣។
ក្នុងជំនួបនេះ លោក ជា វុទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់ ដើម្បីសិក្សាឱ្យបានស៊ីជម្រៅអំពីបរិស្ថានវិនិយោគ និងការវិវឌ្ឍនៃគោលនយោបាយពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា។
លោក សង្ឃឹមយ៉ាងមុតមាំថាការវិនិយោគរបស់វិនិយោគិននិងធុរជននៃខេត្តសានតុងនឹងចូលរួមចំណែកដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិនឱ្យកាន់តែមានពន្លឺភ្លឺថ្លា និងបង្កើនតម្លៃបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី៕