ភ្នំពេញ ៖ លោក កើត ឆែអភិបាលរងរាជធានីភ្នំពេញ បានបង្ហាញក្នុងហ្វេសប៊ុកនាថ្ងៃ២៩ មីនានេះពីសកម្មភាពអ៊ុតកៅស៊ូលើស្ពានខ្សែកាបឫស្សីកែវឆ្លងទន្លេសាបថា តាមគម្រោងទុក ស្ពានខ្សែកាបឫស្សីកែវឆ្លងទន្លេសាប នឹងបញ្ចប់ការសាងសង់ទាំងស្រុងក្នុងអំឡុងខែមេសា ខាងមុខនេះ ។
លោកបន្តថា ផែនការបញ្ចប់ការសាងសង់នេះ ដើម្បីដាក់ឲ្យប្រើប្រាស់ស្ពានខ្សែកាបឬស្សីកែវដែលនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ។
ការបញ្ចប់ការសាងសង់នេះ ក៏នឹងដាក់សម្រាប់បម្រើការ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនាឆ្នាំ២០២៣ ខណៈសល់តែ៣៧ថ្ងៃទៀតប៉ុណ្ណោះឈានដល់ (៥ ឧសភា)។
គម្រោងស្ពានខ្សែកាបឫស្សីកែវនេះ មានរចនាបទទំនើប មានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបាឡេ មានប្រវែង ៩២២ ម៉ែត្រ មានទទឹង ២០,៥ ម៉ែត្រ៕