គម្រោងសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ សម្រេចបាន៨០%

ភ្នំពេញ៖ គម្រោងសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃដែលស្ថិតនៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សម្រេចបាន៨០% នៃទំហំការងាររួមតាមកិច្ចសន្យា ។

ក្នុងកិច្ចប្រជុំនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការលើកឡើងថា តាមគម្រោងសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ នឹងបញ្ចប់ការងារសាងសង់ នៅចុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

លើសពីនេះ លោកក៏បាន ណែនាំក្រុមហ៊ុនសាងសង់ត្រូវរៀបចំប្រព័ន្ធអគ្គិសនី ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធផ្សេងៗទៀតឱ្យបានត្រឹមត្រូវបំផុត ដើម្បីឱ្យមានសោភ័ណ្ឌភាពស្អាតផងដែរ។

លោក រដ្ឋលេខាធិការប្រចាំការរូបនេះ បន្ថែមថា ក្រោយអគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ត្រូវបានសាងសង់រួចរាល់ហើយនោះ ត្រូវទាមទារឱ្យមានការចូលរួមថែទាំយ៉ាងម៉ត់ចត់បំផុតចំពោះអគារទាំងមូល។

នាឱកាសនោះដែរលោក សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃថ្លែង ថា លទ្ធផលសរុបជារួម អគារនេះសម្រេចបាន ៨០% ធៀបនឹងកិច្ចសន្យា។ លើសពីនេះលោកក៏បានសំណូមពរដល់ក្រុមហ៊ុន ឱ្យជំរុញការងារប្រក់ក្បឿងឱ្យបានឆាប់រហ័ស ព្រោះអាចនឹងមានភ្លៀងកក់ខែ ហើយក៏បានស្នើសុំក្រុមហ៊ុន បញ្ចប់ការងារតាមជាន់នីមួយៗឱ្យបានឆាប់ ដើម្បីផ្ដល់លទ្ធភាពឱ្យបណ្ដាអង្គភាព ត្រៀមផ្លាស់ចូលរៀបចំការិយាល័យធ្វើការជាបណ្ដើរៗ។

លោកបន្ថែមថា សម្រាប់ទិសដៅបន្ដក្នុងការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃនេះ លោក សេង យូអ៊ាន់ បានណែនាំក្រុមហ៊ុនសាងសង់ឱ្យបញ្ចប់ការងារមួយចំនួនឱ្យបានលឿន ដែលរួមមាន៖ ដេគ័រសាលប្រជុំជាន់ផ្ទាល់ដី និងអនុវត្តការងារដេគ័រជាន់ទី៩, បញ្ចប់ការងារលាបថ្នាំខាងក្រៅ និងខាងក្នុងអគារ, បញ្ចប់ការងាររៀបចំបណ្ដាញទឹក ប្រព័ន្ធអគ្គិសនី ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធសុវត្ថិភាព នៅគ្រប់ជាន់, បញ្ចប់ការងារដំឡើងឧបករណ៍ជណ្ដើរយន្ដគ្រប់ប្រភេទ ម៉ាស៊ីនត្រជាន់ និងឧបករណ៍ សម្ភារបន្ទប់ទឹក ព្រមទាំងបញ្ចប់ការងារក្រាលការ៉ូគ្រប់ជាន់ ជាដើម។

អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាព សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង។

អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ផ្នែកខាងមុខនៃអគារនេះ បែរទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលហៅថាទន្លេចតុមុខ។ លើសពីនេះទៀត ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី៕