ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារជាង១ពាន់កន្លែងដល់យុវជនក្នុងវេទិកាការងាររបស់ NEA

ភ្នំពេញ:ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារសរុបចំនួន ១១១០ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ កម្មវិធីវេទិកាការងារនេះ ត្រូវបានសហការរៀបចំឡើងដោយ NEA និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនធំៗទាំង ១០ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិក ក្នុងវេទិកាការងាររបស់NEA នោះរួមមាន៖ ក្រុមហ៊ុន BS Land & home, ក្រុមហ៊ុន ONLINE, ធនាគារ ស្ថាបនា, ក្រុមហ៊ុន KERRY World Bridge Logistics, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថ មហានគរ , ក្រុមហ៊ុន MJQ Mengly.J.Quach Education, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក , ក្រុមហ៊ុន Mekongnet​ ,​ ក្រុមហ៊ុន Manulife Cambodia , និង​ ក្រុមហ៊ុន RMA Cambodia។

សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុន ទាំងនោះបាន។

លោក មោន យីម ប្រធានផ្នែកជ្រើសរើសបុគ្គលិក ​នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ បានលើកឡើងថាកន្លង មហានគរ បានចូលរួមជាមួយ NEA ជាច្រើនលើកច្រើនសារមកហើយ។ ជាលទ្ធផល មហានគរ ក៏ទទួលបានបេក្ខជនជាច្រើនរូបពី​ការសម្ភាសក្នុងវេទិកាកន្លងមក ក៏ដូចជាពិព័រណ៍ការងារ​ថ្នាក់ជាតិផងដែរ។ លោកបន្ថែមថា ការចូលរួមសហការ​ជាមួយ NEA គឺពិតជាបានរួមចំណែកដ៏សំខាន់ក្នុង​ការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័នរបស់លោកផងដែរ។

តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគររូបនេះ បានបញ្ជាក់បន្តថាសម្រាប់ការចូលរួមលើកនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ មានតម្រូវការបុគ្គលិកជាច្រើនរូប និងជាច្រើនមុខតំណែង។ យើងត្រូវការទាំងអ្នកមានបទពិសោធន៍ និងគ្មានបទពិសោធន៍។ សម្រាប់អ្នកដែលគ្មានបទពិសោធន៍ មហានគរ នឹងធ្វើការបណ្តុះបណ្តាលដល់ពួកគាត់មុននឹងចូលបម្រើការងារផងដែរ។

វេទិកាការងារនេះ នឹងត្រូវរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ៕