ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើសុំអាជ្ញាធររាជធានី-ខេត្តចំនួន៥ ឲ្យចូលរួមសហការគាំទ្រដល់ដំណើរការសិក្សារបស់ក្រុមហ៊ុនចិនដើម្បីសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប។
ក្នុងលិខិតស្នើរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានសរសេរទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ អភិបាលខេត្តកណ្តាល អភិបាលខេត្តកំពង់ចាម អភិបាលខេត្តកំពង់ធំ និងអភិបាខេត្តកំពង់ចាម ឱ្យជួយ សហការគាំទ្រ ដល់សំណើការ សិក្សារបស់ក្រុមហ៊ុន សាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC) ដើម្បីសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្ដើមដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នាពេលឆាប់ៗនេះ។ ជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើអភិបាលក្រុង/ខេត្តដែលស្ថិតនៅលើតម្រាយផ្លូវជួយសហការគាំទ្រដល់ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប នេះផង។
គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការងារ (Framework Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ នេះ ខណៈក្រសួងជំរុញដល់ក្រុមហ៊ុនដែលកំពុងសិក្សាគម្រោងនេះ។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី 15 កុម្ភៈ 2023៕