លោក គិន ភា ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាសារបង្ហាញទៅក្រុមប្រឆាំងរាជរដ្ឋាភិបាល

ភ្នំពេញ៖ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម មកកាន់នៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសគឺជាសារបង្ហាញទៅក្រុមប្រឆាំងរាជរដ្ឋាភិបាលថា រដ្ឋាភិបាលធ្វើការជាមួយរដ្ឋាភិបាល ។

លោក គិន ភា បានប្រាប់សារព័ត៌មាន KHMERCM នៅថ្ងៃទី ២៧ ខែមីនា នេះថា កន្លងមកនេះ លោក នាយករដ្ឋមន្ត្រីរូបនេះ គឺជាអតីមេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសម៉ាឡេស៊ី បានមានទំនាក់ទំនងជាមួយមេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ ដំណើការទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីរូបនេះនៅពេលនេះ គឺបង្ហាញពីការធ្វើកិច្ចការងាររវាងរដ្ឋាភិបាល និងរដ្ឋាភិបាល មិនមែនធ្វើការជាមួយក្រុមប្រឆាំងនោះទេ ។

លោកបញ្ជាក់ទៀតថា ការមកបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីរូបនេះ មិនមែនដំណាង ឱ្យគណបក្ស និងជំហរនយោបាយដែលធ្លាប់អនុវត្តដូចកាលពីមុននោះទេ គឺមកនៅពេលនេះ គឺជាតំណាងឱ្យប្រទេសម៉ាឡេស៊ីទាំងមូល និងផលប្រយោជន៍របស់ប្រទេសខ្លួនជាមួយកម្ពុជា ។ យ៉ាងណា បើពិនិត្យមើលទំនាក់ទំនងរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ទាំងពេលកន្លងមក និង បច្ចុប្បន្ននេះ គឺភាគីទាំងពីរមានទស្សនៈរួមច្រើនទាំងបញ្ហាតំបន់ និងអាស៊ានទាំងមូល។

បើតាម លោក គិន ភា ប្រទេសម៉ាឡេស៊ីកាលពីកន្លងទៅ ក៏តែងតែផ្តល់ទីលានឱ្យក្រុមប្រឆាំងរាជរដ្ឋាភិបាល កម្ពុជា ប្រើប្រាស់ដើម្បីវាយប្រហារ។ ដូច្នេះ ដំណើរទស្សនកិច្ចរបស់ លោក នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនេះ ក៏ជាសារនយោបាយមួយផ្ញើទៅកាន់ក្រុមដែលមាននិន្នការប្រឆាំងដែលតែងតែយកប្រទេសម៉ាឡេស៊ីធ្វើនយោបាយពីក្រៅប្រទេសផងដែរ ។

ទោះជាយ៉ាងណា នៅពេលដែល លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ឡើងមកកាន់រដ្ឋាភិបាល គឺមិនអាចទៅធ្វើការជាមួយនឹងគណបក្សប្រឆាំងដូចមុននោះទេ គឺធ្វើការជាមួយរដ្ឋាភិបាលដូចគ្នាលើកិច្ចសហទ្វេភាគី ដើម្បីផលប្រយោជន៍យូអង្វែងវែងឆ្ងាយ រវាងប្រទេស និងប្រទេស ។

លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានចាប់ផ្តើម បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣នេះដោយបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា ។ អ្វីដែលរំពឹទុក ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជានាពេល នេះ នឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយ នឹងរួមចំណែកដល់ ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជា រួមចំណែកដល់ការបន្តការអភិវឌ្ឍ និង វិបុលភាព របស់សហគមន៍អាស៊ាន និងអន្តរជាតិ ផងដែរ៕