ភ្នំពេញ ៖ ថ្លែងចំពោះមុខលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Anwar bin Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើម៉ាឡេស៊ី បង្កើនការទិញទំនិញដែលបំពេញតម្រូវការឲ្យគ្នា ព្រោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន៦២០លានដុល្លារ ក្នុងឆ្នាំ២០២២ កន្លងទៅ។
នាឱកាសអញ្ជើញធ្វើសន្និសីទរួមគ្នាជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាថ្ងៃ២៧ មីនា សម្ដេច ហ៊ុន សែន បានថ្លែងថា ចំពោះវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី សម្រេចបាន៦២០លានដុល្លារ ក្នុងឆ្នាំ២០២២ កើន២៤% បើធៀបទៅនឹងឆ្នាំ២០២១ សម្រេចបានត្រឹម ៥០០លានដុល្លារ។
សម្ដេចបញ្ជាក់ថា «ក្នុងការពង្រីកវិសាលភាព ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ខ្ញុំ បានស្នើបង្កើនការទិញទំនិញដែលបំពេញតម្រូវការឲ្យគ្នាទៅវិញ ទៅមក។ ខ្ញុំ បានលើកទឹកចិត្តឲ្យមានវិនិយោគគិន និងក្រុមហ៊ុនម៉ាឡេស៊ី មកធ្វើធុរកិច្ច និងវិនិយោគឲ្យបានកាន់តែច្រើន»។
នាឱកាសនោះសម្តេចក៏បានស្នើម៉ាឡេស៊ី បន្ដបង្កើនការទិញអង្ករ និងកសិផល ពីកម្ពុជា តាមរយៈការបង្កើនក្រុមហ៊ុនប្រមូលទិញ និងកែច្នៃ នៅកម្ពុជា។
ចំពោះវិស័យទេសចរណ៍ សម្ដេច ហ៊ុន សែន បានស្នើឲ្យអនុវត្តអនុសារណៈយោគយល់គ្នា ស្ដីពីសហប្រតិបត្តិការទេសចរណ៍ ឲ្យមានប្រសិទ្ធិភាព និងស្នើម៉ាឡេស៊ី គាំទ្រដល់កម្ពុជា ក្នុងអភិវឌ្ឍការងារទេសចរណ៍ តាមរយៈការបណ្ដុះបណ្ដាល និងបច្ចេកទេស។
ចំពោះវិស័យកសិកម្ម សម្ដេចនាយករដ្ឋមន្ដ្រី បានឯកភាពបន្ដជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាព នូវអនុស្សារណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍវិស័យឧស្សាហរកម្មនៅកម្ពុជា៕