ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានថា “កសិករនៅ ខេត្តកណ្តាល អស់សង្ឃឹមក្នុងការដាំដុះក្រោយភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារ”។ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ នេះ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកថា ការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីនេះ គ្មានភាពច្បាស់លាស់ឱ្យអគ្គនាយកដ្ឋានកសិកម្មអាច ពិនិត្យដោះស្រាយបញ្ហាដូចដែលបានលើកឡើងនេះឡើយ។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា ជាក់ស្ដែង ការលើកឡើងថា លោក សំ សុគ៌ន បានភ្ជួរបន្លែសាលាដចោលចំនួន ៥តោននោះ គឺមិនពិតទេ ដោយសារការចុះស្រាវជ្រាវមិនបានរកឃើញថា ឈ្មោះ លោក សំ សុគីន បានឈូសសាលាដចោលទេ តែលេចចេញកសិករឈ្មោះ ហេង នៅស្រុកកោះធំ ធ្លាប់បានឈូសចោលដំណាំសាលាដ ដែលមានអាយុកាលចាស់សល់ពីការប្រមូលផលនិងដាំចម្រុះជាមួយ ដំណាំត្រប់ ដើម្បីធ្វើការដាំដុះឡើងវិញ។ ម្យ៉ាងទៀត ការចុះផ្សាយព័ត៌មានថា តម្លៃត្រសក់ចុះថោកនិងដាក់ រូបភាពបុរសដេកលើតសក់ គឺជារូបភាពចាស់ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩មកម្លេះ នៅពេលប្រទេស កម្ពុជាយើង ក៏ដូចជាពិភពលោកបានទទួលរងវិបត្តិជំងឺកូវីដ១៩។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជារួម រាល់ការលើកឡើងរបស់វិទ្យុអាស៊ីសេរីខាងលើ មិនបានឆ្លុះបញ្ចាំងបច្ចុប្បន្នភាពរបស់ប្រជា កសិករដែលកំពុងដាំដុះដំណាំបន្លែនៅខេត្តកណ្តាលនោះទេ។ ការលើកឡើងដោយអ្នកកាសែតក្រោមឈ្មោះ ក្លែងក្លាយថា ជាតិ ចំណាន អាចជាចេតនាបំភ្លៃការពិត ដោយប្រើប្រាស់រូបភាពសកម្មភាពចាស់ឆ្នាំ២០១៩ និងលើកឡើងអំពីការភ្ជួរចោលបន្លែចាស់ៗដើម្បីធ្វើការដាំដុះឡើងវិញ។
កសិករខ្មែរដែលខិតខំតស៊ូព្យាយាម បានដឹងច្បាស់ពីហានិភ័យទីផ្សារនិងអាកាសធាតុ ជាពិសេសកសិករដែលនៅតែឈរជើងជាង១០ឆ្នាំដូចដែលឈ្មោះ ជាតិ ចំណាន បានលើកដូច្នេះ តើកសិករ រូបនេះបានខាតនិងឈូសបន្លែចោលរហូតឬ? បើខាត១០ឆ្នាំហើយ តើគាត់នៅតែដាំដុះទៀតបានដែរឬទេ? អ្នកកាសែត ជាតិ ចំណាន នេះមិនបានស្រាវជ្រាវអំពីផលចំណេញមធ្យមប្រចាំឆ្នាំរបស់កសិករដាំបន្លែនោះឡើយ។
តាមការសាកសួរតម្លៃបន្លែបោះដុំនៅផ្សារតាខ្មៅនិងផ្សារកួរស្រូវនៅរាជធានីភ្នំពេញ របស់អគ្គនាយដ្ឋាន កសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យ ដឹងថា សាលាដមានតម្លៃ៧០០-៨០០៛/គ.ក្រ ត្រសក់មានតម្លៃ ៨០០-១ ២០០៛/គ.ក. ខាត់ណាដើមមាន តម្លៃ ១ ០០០-១ ២០០៛/គ.ក និងម្ទេសដៃនាងមានតម្លៃ ៦ ០០០៛/គ.ក្រ៕