កណ្តាល៖ តាមការចាត់តាំងរបស់ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកណ្តាល និងបានជួបជាមួយលោក ខៀវ សំផន ផងដែរ។
លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានចុះទៅពិនិត្យផ្ទាល់នោថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ នេះ ឱ្យដឹងថា ក្រុមការងារបានពិនិត្យឃើញថា លោក ខៀវ សំផន មានស្ថានភាពរស់នៅសមរម្យទទួលបានការមើលថែដោយយកចិត្តទុកដាក់ពីសំណាក់អ្នកមើលថែ គ្រូពេទ្យ និងមន្ត្រីពន្ធនាគារ ព្រមទាំងមានសុខភាពធម្មតាតាមវ័យរបស់គាត់។
តុលាការខ្មែរក្រហមកាលពី កញ្ញា ២០២២បានសម្រេចផ្តន្ទាទោសមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន អាយុ ៩១ ឆ្នាំ ឲ្យជាប់ពន្ធនាគារមួយជីវិត បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន និងឃុំឃាំងអស់រយៈពេល ១៥ ឆ្នាំ។ នេះជាសេចក្តីសម្រេចចុងក្រោយ ហើយតុលាការនឹងបញ្ចប់សវនាការនៃកាត់ទោសមេដឹកនាំខ្មែរក្រហម នាពេលនេះផងដែរ៕