នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មសម្លាប់បុរសម្នាក់ នៅស្រុកបសេដ្ឋ

កំពង់ស្ពឺ:ករណីកាប់ម្លាប់ទៅលើជនរងគ្រោះឈ្មោះ ភឿង សៅរឿ ភេទប្រុស អាយុ៣២ឆ្នាំ នៅចំណុចភូមិចាស ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបានកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយ លោកជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាអោយបើកការស្រាវជ្រាវជាបន្ទាន់ ដឹកនាំដោយលោកហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌ និងលោក ហែម បូណា អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដឹកនាំសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងអធិការដ្ឋានគរបាលស្រុកបសេដ្ឋ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញា សមគំនិត និងអ្នកលាកកំបាំងបទល្មើសបានចំនួន២នាក់។

ជនសង្ស័យសមគំនិត និងលាក់កំបាំងបទល្មើសបានចំនួន០២នាក់ រួមមានឈ្មោះ៖

*ទី១៖ ឈ្មោះ យ៉ា សុជាតិ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (អ្នកសមគំនិត)។
*ទី២៖ ឈ្មោះ អៀម សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (អ្នកលាក់កំបាំងបទល្មើស)។ បច្ចុប្បន្នកម្លាំងនាយកដ្ឋានយើងកំពុងបន្តស្វែងរកបក្ខពួកម្នាក់ទៀតដែលជាជនដៃដល់ឈ្មោះ ផានិន ហៅអាត្នោត ភេទប្រុស យកមកផ្ដន្ទាទោសតាមច្បាប់៕