ករណីឆក់ក្នុងរាជធានីភ្នំពេញ ១០ លើក សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីឆក់ទ្រព្យសម្បត្តិរបស់អ្នកដទៃ ចំនួន១០ករណី និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ កាលពីនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ នេះ បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៣ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ករណីទី១៖ ឆក់ទូរសព្ទ័ដៃ នៅចំណុចខាងលិចអាគារវឌ្ឍនៈ ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩:០៣នាទី។ ករណីទី២៖ ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១២ប្រូ ពណ៌ សំបកឪឡឹក នៅចំណុចមុខសណ្ឋាគារផ្ទះលេខ៨៥អឺ០ ផ្លូវលេខ១៤៨កែង១៩ ភូមិ០៩ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០២:០០ នាទី។

ករណីទី៣៖ ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ពណ៌ ខ្មៅ នៅចំណុចហាងលក់ស៊ុប ផ្លូវលេខ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩:១០ នាទី។ ករណីទី៤៖ ឆក់ទូរសព្ទ័ដៃទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ខ្មៅ នៅចំណុចក្រោយផ្សារអ៊ីអន១ ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១:៣០ នាទី។

ករណីទី៥៖ ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ពណ៌សំបកឪឡឹក) ប្រព្រឹត្តនៅចំណុចមុខហាងDOS ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១:៣០ នាទី។ ករណីទី៦៖ ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១២ប្រូម៉េក ពណ៌សំបកឪឡឹក នៅចំណុចមុខវិទ្យាល័យវត្តភ្នំ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣:៣០ នាទី។

ករណីទី៧៖ ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូ ពណ៌ ស នៅចំណុចហាងDOS ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០១:៣០នាទី ទៀបភ្លឺ។ករណីទី៨៖ ឆក់ទូរស័ព្ទអុបប៉ូ(OPPO) ពណ៌ ខៀវ) នៅចំណុចមុខព្រះបរមរាជវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០២:៣០នាទី ទៀបភ្លឺ។

ករណីទី៩៖ ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន១៣ ប្រូមិច នៅនៅចំណុចមុខម៉ាតមិនចាំយីហោ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៨:៣០នាទី ។ និង ករណីទី១០៖ ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន៧ផ្លឹស ពណ៌ ខ្មៅ នៅចំណុចលើផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨:៤០ នាទី។

ករណីទាំង ១០ ខាងលើនេះ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ រួមមាន ឈ្មោះ ឃួយ គង់ម៉េង ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ៨ ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២-ឈ្មោះ សាន ភត្រ្តា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ១២៣ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៣-ឈ្មោះ ធី ម៉េងហុង ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ៤-ឈ្មោះ ចាន់ ធារិទ្ធ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១៦៣ កែង៣៣០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ និង ៥-ឈ្មោះ លី សុភាព ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៨៦ ផ្លូវលេខ១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួនរួមមាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JA-៦២០៦, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ទឹកប្រាក់ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ តាកែវ១O-៩២៦៧, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១២ ពាក់ផ្លាកលេខ កំពង់ឆ្នាំង១C-៦៥០៤ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕