ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យ លោក កឹម សុខា ជួបជាមួយសហមេធាវីការពារក្តី នៅក្នុងលំនៅឋានផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង១៧:០០នាទីរសៀល។
ការអនុញ្ញាតឱ្យជួបរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងតាម សំណើសុំជួបជាមួយរបស់សហមេធាវីការពារក្តីរបស់ពិរុទ្ធជន កឹម សុខា ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ។
យោងតាមលិខិតលេខ ២៦២ អយក ចុះហត្ថលេខា ដោយលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ បានសរសេរថា « អនុញ្ញាតឲ្យពិរុទ្ធជន កឹម សុខា ទទួលជួបសហមេធាវីការពារក្តី និងឲ្យសហមេធាវីការពារក្តីដែលមាន ឈ្មោះនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២/ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចូលជួបជាមួយពិរុទ្ធជន កឹម សុខា នៅលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង១៧:០០នាទីរសៀល ។
លិខិតនេះសរសេរបន្តថា « ឲ្យមន្ត្រីនគរបាលយុត្តិធម៌ ដែលមានសមត្ថកិច្ចអនុវត្តសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដូចមាន យោងខាងលើ ផ្ដល់កិច្ចសហការ និងសម្របសម្រួលដើម្បីឲ្យសហមេធាវីអាចចូលជួបពិរុទ្ធជន កឹម សុខា»៕