ភ្នំពេញ ៖ ក្នុងឱកាសអបអរសារទរ “ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣” លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា កម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឲ្យក្លាយជាយន្តការមួយនៃយន្តការអនុតំបន់ដែលមានសារៈសំខាន់ សំដៅគាំទ្រដល់ពហុភាគីនិយម ដើម្បីសម្រេចបាននូវចក្ខុវិស័យ របស់ថ្នាក់ដឹកនាំរបស់យើង ក្នុងការកសាងសហគមន៍ដែលមានអនាគតរួមគ្នា ប្រកបដោយសន្តិភាព និងវិបុលភាព។
តាមរយៈសារលិខិតអបអរសាទរ នាថ្ងៃទី២១ មីនានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ជាមួយនឹងការចាប់ផ្តើមអនុវត្តផែនការ សកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣-២០២៧ នឹងផ្តោតសំខាន់លើវិស័យ អភិវឌ្ឍន៍ជាអាទិភាព ដោយបន្តកសាងលើសមិទ្ធផលដ៏ធំធេងដែលសម្រេចបានពីផែនការសកម្មភាពកន្លងមក។ លោកថា “ខ្ញុំមានសេចក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី៧ កាលពីឆ្នាំមុន នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា ដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ នូវស្មារតីនៃកិច្ចសហប្រតិបត្តិការល្អ សំដៅជំរុញសមាហរណកម្ម នៅក្នុងអនុតំបន់របស់យើង” ។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា បន្ថែមលើនេះ លទ្ធផលជាវិជ្ជមាននៃការអនុវត្តគម្រោង ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានឆ្លើយតបចំពោះតម្រូវការអភិវឌ្ឍន៍ ជាក់ស្តែងរបស់ប្រជាជនក្នុងតំបន់មេគង្គ-ឡានឆាង។ សម្រាប់កម្ពុជា បានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេសនេះមានទឹកប្រាក់ប្រមាណ៣១លានដុល្លារ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងផងដែរថា លោកទន្ទឹងរង់ចាំនូវការវិវត្តទៅមុខ នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការប្រែក្លាយយន្តការអនុតំបន់មួយនេះ ដោយមិនត្រឹមតែបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការអនុវត្តភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងឈានទៅសម្រេចនូវ ខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង នៅក្នុងសហថាមភាពជាមួយនឹងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-សមុទ្រ ៕