ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញសារាចរណែនាំស្តីពី ការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាថ្ងៃ៩-១០-១១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣។
ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដូចខាងក្រោម៖
១. ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរជំនាញ និងដៃគូពាក់ព័ន្ធរៀបចំឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំ និងកម្មវិធីកម្សាន្តសប្បាយនានាតាមទំនៀមទម្លាប់ប្រពៃណី។ ដោយឡែក មន្ទីរទេសចរណ៍ខេត្តសៀមរាបត្រូវខិតខំសហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមស្មារតីទទួលខុសត្រូវខ្ពស់។
២. ត្រូវបន្តជំរុញការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរ។
៣. ត្រូវសហការជាមួយមន្ទីរពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ។ រាល់តម្លៃសេវាស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដោយដាក់ភាសាខ្មែរនៅខាងលើ និងភាសាបរទេសនៅខាងក្រោម ដើម្បីជម្រាបជូនភ្ញៀវឱ្យបានដឹងជាមុន និងជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
៤. ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីធ្វើការណែនាំម្ចាស់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ ពិសេសភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់ដូរតាមដងផ្លូវ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអំពីសុវត្ថិភាពចំណីអាហារ និងការថែរក្សាអនាម័យ ដោយខិតខំលុបបំបាត់ការបោះសំរាម និងកាកសំណល់ផ្សេងៗ ជាពិសេសការបញ្ឈប់ការបោះចោលក្រដាសជូតមាត់ក្រៅធុង ឬក្រៅកន្ត្រកសំរាម និងត្រូវចាត់វិធានការតាមគ្រប់រូបភាព ដើម្បីធានាឱ្យបានអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបម្រើការត្រូវមានឯកសណ្ឋានឱ្យបានសមរម្យ។
៥. ត្រូវសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរអប់រំ យុវជន និងកីឡាបំផុសចលនាឱ្យមានការប្រឡងចម្រៀងបុរាណសម័យ កំណាព្យ អាយ៉ៃ ចាប៉ី និងការលេងល្បែងប្រជាប្រិយនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវជួយសម្រួលឱ្យមានការសម្ដែងរបាំត្រុដិនៅតាមគោលដៅសំខាន់ៗ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងមូលដ្ឋានអាជីវកម្មនានា។
៦. ត្រូវសហការជាមួយមន្ទីរធម្មការនិងសាសនារៀបចំវត្តទេសចរណ៍គំរូសម្រាប់ភ្ញៀវទេសចរអន្តរជាតិ អាចស្វែងយល់ពីប្រវត្តិ និងទំនៀមទម្លាប់នៃការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។
៧. ត្រូវរៀបចំឱ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះឱ្យបានទូលំទូលាយ និងគ្រប់រូបភាពទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ឱ្យបានទាន់ពេលវេលាជាប្រចាំថ្ងៃ៕