ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញ ផ្តល់ថវិកាចំនួន ១៤៥,៦៩២ ដុល្លារអាម៉េរិកលើគម្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ក្នុងស្រុកបាទី ខេត្តតាកែវ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។
កិច្ចសន្យាផ្តល់ជំនួយខាងលើនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមដោយលោក អ៊ូអំណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា។
លោក អ៊ូអំណុ អាត់ស៊ូស៊ី ឱ្យដឹងថា ក្នុងគម្រោងនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍មួយនឹងត្រូវបានសាងសង់នៅសាលារៀនរដ្ឋមួយក្នុងស្រុកបាទី ខេត្តតាកែវ។ ទោះបីជាមានការកើនឡើងនូវតម្រូវការនិយោជិតដែលមានចំណេះដឹង បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍នៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏យុវជនជាច្រើននៅក្នុងសហគមន៍ ជនបទមិនទទួលបានឱកាសច្រើនដើម្បីសិក្សាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងបច្ចេកវិទ្យា ឌីជីថលនោះទេ ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសិក្សាបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍។
លោកបន្តថាជាលទ្ធផល ជំនាញនិងចំណេះដឹងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ដែលមានកម្រិតទាបរបស់ពួក គេ ក្លាយជាឧបសគ្គមួយផ្នែកក្នុងការទទួលបានការងារធ្វើ។ គម្រោងនេះមានគោលបំណងកែលម្អ ស្ថានភាពនេះ ហើយយើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ៨,០០០ នាក់ ក៏ដូចជាសិស្សប្រមាណ ១,០០០នាក់ នៅក្នុងតំបន់នេះ តាមរយៈការបង្កើតមជ្ឈមណ្ឌលបច្ចេក វិទ្យាសហគមន៍ដំបូងគេបង្អស់ ដែលនឹងផ្តល់ឱកាសកាន់តែច្រើនក្នុងការសិក្សាបច្ចេកវិទ្យាព័ត៌មាននិង គមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល។
ឯកអគ្គរាជទូតជប៉ុនរូបនេះបន្ថែមថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិត មូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាព ក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និង សេចក្ដីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។
ចាប់តាំងពីឆ្នាំ១៩៩១ រាជរដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកា ជាង៦៦លានដុល្លារអាម៉េរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរាជរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៧០៧គម្រោងនៅទូទាំងប្រទេសកម្ពុជា៕