នគរបាលក្រុងតាខ្មៅចុះធ្វើកិច្ចសន្យាអប់រំណែនាំម្ចាស់ PASSAPP កែច្នៃខុសលក្ខណៈបច្ចេកទេស

កណ្តាល ៖ បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គម ទាក់ទងទៅនឹងក្រុមម៉ូតូផាស់អាប់ (Passapp) ដែលបំពាក់អំពូលភ្លើង និងស៊ីផ្លេខុសបច្ចេកទេស ហើយបើកបរយ៉ាងអាណាធិបតេយ្យនៅលើដងផ្លូវ នគរបាលក្រុងតាខ្មៅចុះធ្វើកិច្ចសន្យាអប់រំណែនាំ។

ការចុះធ្វើកិច្ចសន្យាដល់ម្ចាស់ PASSAPP នេះ ធ្វើងឡើងកាលពី ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ និង អនុវត្តន៍តាមបទបញ្ជារបស់លោក ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការឃាត់ម៉ូតូកង់បី PASSAPP កែច្នៃខុសលក្ខណៈបច្ចេកទេសមួយគ្រឿងម៉ាក BAJAJ ពណ៌លឿង ពាក់ផ្លាកលេខ ព្រះសីហនុ1H-6593 បើកបរដោយឈ្មោះ ស៊. គ.ស ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ក្នុងពេលដឹកកម្មករទៅធ្វើការនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

យោងតាមចម្លើយរបស់អ្នកបើកបរ ផាសអាប់នេះគឺគាត់ទិញមកគេតុបតែងដូចនេះតែម្តង ប៉ុន្តែគាត់សុខចិត្តសហការជាមួយកម្លាំងសមត្ថកិច្ចដើម្បីដោះភ្លើង ស៊ីផ្លេដែលតុបតែងនេះចេញឱ្យត្រូវលក្ខណៈបច្ចេកទេសដើមវិញ ។កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់សាធារណៈក្រុងតាខ្មៅ បានធ្វើកិច្ចសន្យាអប់រំណែនាំ គាត់កុំឱ្យតុបតែងភ្លើង និងស៊ីផ្លេខុសបច្ចេសដូចនេះទៀត ៕