រដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំក្រុមការងារទេសចរណ៍លើកទី៥១

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំក្រុមការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ (Rethink for Resilience and Digitalization)!។នេះ បើតាមសេចក្តីសម្រេច លេខ ២៣ សសរ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

បើតាមសេចក្តីសម្រេចនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តជាអនុប្រធាន និងមានសមាសភាពជាអនុប្រធាន និងសមាជិកមកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធសរុបចំនួន ១៣រូប ដើម្បីដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំកម្មវិធីខាងលើឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

តាមរយៈសេចក្តីសម្រេចខាងលើ រាជរដ្ឋាភិបាល ក៏បានចាត់តាំងលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធានអចិន្ត្រៃយ៍ ដើម្បីសម្របសម្រួលកម្មវិធីខាងលើផងដែរ។

វេទិកាទេសចរណ៍មេគង្គ គឺជាកម្មវិធីមួយស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសមហាអនុតំបន់មេគង្គ (GMS) ដោយផ្តោតសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូររដ្ឋ និងឯកជន (PPP) ក្នុងវិស័យទេសចរណ៍ សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ ឲ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មី និងល្អឯកដល់ភ្ញៀវទេសចរ។

របៀបវារៈសំខាន់ៗក្នុងកម្មវិធីវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ដែលបានគ្រោងរៀបចំជាបទបង្ហាញរបស់អ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២រួមមាន៖ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ (Rethinking Tourism- A Pathway for Building Back Better and Stronger) និង (២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍ (Rethinking Food System- A Lever to Protect the Planet)។

ក្រៅពីនេះកម្មវិធីមានរៀបចំកិច្ចពិភាក្សា (Panelist Discussion) ចំនួន ៣រួមមាន៖ (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា (Smart Tourism and Smart Destination via Digitalization) (២) គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី (Rethinking Food System- A lever to protect the Planet) និង (៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ (Advancing Human Capital… Advancing Industry Resilience) ដោយមានមានការចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ ដែលមកពីស្ថាបនសាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានា៕