កម្ពុជាកំពុងកសាងបាននូវទំនុកចិត្តពីអ្នកវិនិយោគទុន និងប្រទេសជប៉ុន

ភ្នំពេញ៖ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ រហូតកសាងបាននូវទំនុកចិត្តជាមួយគ្នាជាយូរលង់ណាស់មកហើយជាពិសេសកសាងបាននូវទំនុកចិត្តពីអ្នកវិនិយោគទុនជប៉ុន ហើយកំពុងតែបន្តផ្តល់ភាពទាក់ទាញបន្ថែមទៀត ដល់អ្នកវិនិយោគទុនមកបណ្តាក់ទុននៅកម្ពុជា។

ការលើកឡើងរបស់ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី16 ខែមីនា ឆ្នាំ2023 នេះ ។

លោកបន្តថា ការកសាងទំនុកចិត្តរបស់កម្ពុជារហូតមក ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារប្រទេសឡើងវិញក្រោយពីកម្ពុជាបានឆ្លងកាត់សម័យកាលដ៏លំបាកមួយ រហូតដល់កម្ពុជាទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ឆ្នាំនេះគឺជាខួបអនុសាវរីយ៍ ៧០ឆ្នាំ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលរយៈពេលកន្លងមកប្រទេសទាំងពីរបានឆ្លងកាត់ដំណាក់កាលជាច្រើន រហូតទទួលបានការរីកចម្រើនខ្ពស់បំផុត ឈានទៅរកការបង្កើតបាននូវក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោកបន្តថាកម្ពុជាចងចាំជានិច្ចនូវជំនួយរបស់ជប៉ុនក្នុងការស្វែងរកសន្តិភាព និងសេ្ថរភាពក្នុងឆ្នាំ ១៩៩១ និងជំនួយរបស់ជប៉ុនបានចូលរួមចំណែកក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជារហូតមកដល់បច្ចុប្បន្ន កាន់តែរីកចម្រើន ហើយជប៉ុននៅតែជាដៃគូសហប្រតិបត្តិការដ៏មានសារៈសំខាន់បំផុតជួយអភិវឌ្ឍន៍ស្ទើគ្រប់វិស័យ រួមទាំងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយៈការផ្តល់ឥណទានជំនួយឥតសំណង។

លោកបន្ថែមថា ក្នុងនោះការបង្កើតឱកាសហ្វឹកហាត់ការងារដល់កម្មសិក្សាការី និងពលករកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន, គម្រោង JICA ដែលជួយគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ការផ្តល់សំភារ:សិក្សា និងអ្នកជំនាញឯកទេស និងការផ្តល់ជំនួយតាមគម្រោងផ្សេងទៀតជាលក្ខណ:ពហុភាគីដូចជាតាមរយៈគម្រោង អង្គការ ILO/ជប៉ុន ជាដើម ដែលជាកត្តាជួយបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ការកសាងធនធានមនុស្ស និងការទាក់ទាញវិនិយោគយ៉ាងច្រើនមកក្នុងប្រទេសកម្ពុជា បង្កើតបានឱកាសការងារជូនប្រជាជនកម្ពុជា។

ភាគីទាំងពីរបានសំដែងនូវការពេញចិត្ត នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និតថែមទៀតលើការជួយកែលម្អវគ្គបណ្តុះបណ្តាល ការបំពាក់សម្ភារៈសិក្សាតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: និងការបញ្ចូនអ្នកជំនាញឯកទេសជនជាតិជប៉ុន ក្រោមគម្រោង JICA។

ពាក់ព័ន្ធនឹងកម្មសិក្សាការី និងប្រព័ន្ធបញ្ចូន ភាគីទាំងពីរនឹង បន្តពង្រឹងការគ្រប់គ្រងឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបន្តផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា បានទៅបំពេញការងារជាកម្មសិក្សាការី និងជាពលករ ហើយពេលដែលពួកគេត្រឡប់មកម្ពុជាវិញ យកចំណេះដឹង និងជំនាញរបស់ពួកគេមកចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ទាក់ទាញអ្នកវិនិយោគទុនជប៉ុនកាន់តែច្រើនទៀតមកកម្ពុជា។

បន្ថែមពីនេះ ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការលើគម្រោង ២ទៀត គឺទី១ គម្រោងជួយធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារនៃកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគម្រោងអាស៊ាន/ជប៉ុន និងទី២ គម្រោងសុខភាពបន្តពូជសម្រាប់កម្មការិនីក្នុង វិស័យកាត់ដេរ៕