កំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឹបានឃាត់ខ្លួនរួចកសាងសំណុំរឿងបញ្ចូនក្មេងទំនើង៣ នាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីបន្តពាក់ព័ន្ធធ្វើសកម្មភាពជិះម៉ូតូគប់រថយន្ដអ្នកដំណើរនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ការឃាត់ខ្លួន ក្មេងទំនើងទាំង៣នេះ ក្រោយពីកំលាំងនគរបាលខេត្តកំពង់កាលពីវេលាម៉ោង២២.១០នាទីយប់ ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២៣ ទទួលបានព័ត៌មានថាមានក្រុមក្មេងទំនើងមួយក្រុមធ្វើសកម្មភាពជិះម៉ូតូគប់រថយន្ដអ្នកដំណើរ តាមរយៈកិច្ចសហការផ្ដល់ព័ត៌មានពីគណនីហ្វេសប៊ុក messager បញ្ជាក់ថាក្រុមក្មេងទំនើងទាំងនោះបានយកគ្រាប់ដែកបាញ់មកលើរថយន្ដខ្លួនកំពុងតែធ្វើដំណើរលើផ្លូវជាតិលេខ៤៤។
ភ្លាមៗនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានល្បាតពួនស្ទាក់លើចំណុចភូមិសាស្រ្ដផ្លូវជាតិលេខ៤៤ នៅវេលាម៉ោង២៣.១០នាទី ត្រង់ចំណុចគីឡូម៉ែត្រ ៣៦ -៣៧ ឃើញមុខសញ្ញាសង្ស័យក្រុមក្មេងជិះម៉ូតូ២ គ្រឿង, ដូចសេចក្ដីរាយការណ៍ សមត្ថកិច្ចបានឃាត់សាកសួរនិងពិនិត្យ ម៉ូតូម៉ាកអ៊ិចស៊ីទ័រពណ៌ខៀវគ្មានឯកសារ ជិះគ្នាពីរនាក់ និង ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ1I_4633 ជិះម្នាក់ឯង។
សមត្ថកិច្ចឆែកឆេររកឃើញឧបករណ៍សម្ភារៈរួមជាមួយកូនកាំបិតចុងស្រួច ០១ ជំពាមកៅស៊ូ០២ គ្រាប់ជំពាម០៤គ្រាប់ ដុំថ្មច្រកថង់ ។ ជនសង្ស័យជាក្មេងទំនើងមាន ឈ្មោះ សុខ រឹម ប្រុស ២០ឆ្នាំ ឈ្មោះ ណាង ចិន្ដា ប្រុស ១៩ឆ្នាំ និង ឈ្មោះ វ៉េត សាវិន ប្រុស ១៩ឆ្នាំ អ្នកទាំងបីនៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
តាមការផ្ដល់ចម្លើយចំពោះសមត្ថកិច្ច ថាពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់គ្រាប់ជំពាមទៅលើរថយន្តអ្នកដំណើរពិតប្រាកដមែន លេីសពីនោះធ្វើសកម្មភាពច្រើនលើកច្រើនសារមកហើយ ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូន ដេីម្បីបន្ដនីតិវិធី៕