ស្លាកសញ្ញា «ខ្មែរធ្វើបាន» នៅខេត្តព្រះសីហនុ ត្រឹមត្រូវហើយ

ភ្នំពេញ៖ បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភា បានឆ្លើយតបទៅនឹងអ្នករិះគន់ លើ ស្លាកសញ្ញា «ខ្មែរធ្វើបាន» នៅខេត្តព្រះសីហនុ ថា សរសេរ ខុស ស្រះ «ែ» ទៅជា ស្រះ «ៃ» វិញ នោះមិនត្រឹមត្រូវនោះទេ គឺគេសរសេរត្រឹមត្រូវហើយ។

ការចេញមុខឆ្លើយតប របស់លោកបណ្ឌិត នៅពេលនេះ ធ្វើឡើង បន្ទាប់ពីមានការរិះគន់ពីអ្នកលេងបណ្តាញសង្គមហ្វេសរិះលើគន់អាជ្ញាធរសមត្ថកិច្ចថា សរសេរខុស និង ស្នើសុំឱ្យមានការកែតម្រូវ ។

លោកបណ្ឌិត យង់ពៅ បានសរសេរនៅលើទំព័រហ្វេសបុករបស់លោកថា ««ខ្មែរធ្វើបាន»សរសេរបានត្រឹមត្រូវហើយ គឺជាពុម្ពអក្សរ (font) ខ្មែរសម័យកណ្តាល។ លោកអ្នក អាចផ្ទៀងផ្ទាត់ជាមួយនឹងអត្ថបទនានា ដែលចារឹកក្នុងសាស្ត្រាស្លឹករឹត ដើម្បីស្វែងយល់»។

លោកបន្តថា «មុននឹងរិះគន់ យើងគួរផ្ទៀងផ្ទាត់ដោយខ្លួនឯងសិន…។

មហាជន អ្នកលេងបណ្តាញសង្គមហ្វេសបុកជាច្រើន បានរិះគន់លើស្លាកសញ្ញា « ខ្មែរធ្វើបាន» ថា ខុស ជាក់ស្តែង ហ្វេសបុកមួយ ឈ្មោះ «អូនណាណា» បានសរសេរថា «ជាដំបូង អូនសូមគោរពជំរាបសួរ និងសូមគោរពជម្រាបដល់ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងអ៊ំុពូមីងខាងក្រសួងដែលពាក់ព័ន្ធជាទីគោរព»។

ហ្វេសបុកនេះបន្តថា « កាលពីថ្ងៃទី07 និង ទី08 ខែមីនា ឆ្នាំ2023 កន្លងទៅនេះ រូបអូនផ្ទាល់បានធ្វើដំណើរទៅលេង ក្រុងព្រះសីហនុ រួចក៏បានប្រទះឃើញគេសរសេរពាក្យស្លោកថា «ខ្មែរធ្វើបាន» តែបែរជាឃើញស្រះ «ែ» បញ្រ្ចាស»។រូបអូនក៏ដូចជាអ្នកគាំទ្រក្នុងផេករបស់អូនជាច្រើន ពិតជាចង់សុំការជួយណែនាំពន្យល់ពីខាងក្រសួងដែលពាក់ព័ន្ធ ថាតើនេះជាអក្សរបាលីឬក៏មកពីបញ្ហាខុសបច្ចេកទេស?»។

ហ្វេសបុកនេះ ក៏បានអំពាវនាវថា «អាស្រ័យដូចបានរៀបរាប់ខាងលើនេះសូម សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងអ៊ំុពូមីងខាងក្រសួងដែលពាក់ព័ន្ធ មេត្តាជួយណែនាំដល់អូន និងសូមខន្តីអភ័យទោសនូវរាល់កំហុសឆ្គងដោយអចេតនារបស់អូនដោយអនុគ្រោះផង។សូមលោកមេត្តាទទួលការគោរពដ៏ខ្ពង់ខ្ពស់ពីរូបអូនផង»៕