ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាប និងទប់ស្កាត់ទាន់ពេលវេលា។
ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផល នានា នៅវត្តមេលប់ ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង បានថ្លែងថា «ស្នើប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការយ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាបនឹងទប់ស្កាត់បានទាន់ពេលវេលា»។
សម្ដេចបន្ដថា ទន្ទឹងនឹងនេះ ពលរដ្ឋ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ ដើម្បីទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសកម្មភាពសេដ្ឋកិច្ច សង្គម ដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ននេះ។
សម្ដេច ស ខេង ក៏បានលើកទឹកចិត្តអាជ្ញាធរ ជំរុញសកម្មភាពត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំដល់យុវជនអំពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀន តាមគោលការណ៍ «បីកុំ មួយរាយការណ៍» គឺកុំពាក់ព័ន្ធ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។
លើសពីនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានណែនាំអាជ្ញាធរមានសមត្ថកិច្ច កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន ស្របតាមពាក្យស្លោករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍»៕