ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប៉េកាំង ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៣ បានផ្ញើព្រះរាជសាជូនចំពោះជនរួមជាតិ ជាទីស្នេហាដែលសម្តែងនូវសមានចិត្តសោកស្តាយចំពោះព្រឹត្តិការណ៍នូវឧបទ្ទវហេតុ យ៉ាងតក់ស្លុត និងរន្ឋត់បំផុត លើព្រះរាជដំណាក់ខេត្តសៀមរាប ដោយគ្រោះអគ្គិភ័យឆេះឆាបនាយប់ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ២២:០៥នាទី កន្លងទៅនេះ ។
បើតាមព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជដំណាក់ថ្មីនឹងត្រូវរៀបចំកសាងឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ។
ក្នុងព្រះរាជសាព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២៣ បានសរសេរថា«ព្រះរាជដំណាក់ខេត្តសៀមរាប ដែលមានអាយុកាលជាង៧០ឆ្នាំមកហើយនេះ បានបន្សល់នូវអនុស្សាវរីយ៍ ប្រវត្តិសាស្ត្រ និងអត្ថន័យជាតិដ៏ធំធេងជាមួយនិងព្រះរាជបូជនីយកិច្ចតស៊ូទាមទារឯករាជ្យ បន្ទាប់ពីការយាងបំពេញ យុទ្ឋនាការនៅបរទេសមាន បារាំង កាណាដា អាមេរិក ជប៉ុន និងថៃឡង់» ។
ព្រះរាជសារដដែលបន្តថា« ព្រះករុណា ព្រះមហាវីរៈក្សត្រ វររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានដឹកនាំការតស៊ូជាមួយការចូលរួម ដ៏សកម្ម និងដ៏អង់អាចក្លាហានពីសំណាក់ជនរួមជាតិគ្រប់ស្រទាប់វណ្ណះ និងគ្រប់និន្នាការដោយគ្មានការបង្ហូរឈាម។ រវាងខែមិថុនាដល់ខែវិច្ឆិកា១៩៥៣. ខ្ញុំមានមហាកិត្តិយសបានដង្ហែរព្រះបិតាឯករាជ្យជាតិ ក្នុងព្រះរាជបូជនីយកិច្ច ប្រវត្តិសាស្ត្រខាងលើនេះនៅក្នុងខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដែលជាតំបន់ស្វយ័តនាពេលនោះ រហូតទទួលបានជោគជ័យជាស្ថាពរជូនជាតិមាតុភូមិទាំងមូលនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣»។
ព្រះរាជសារបានបន្តថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងព្រះ បរមរាជវាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច ក្រុមពន្ឋត់អគ្គីភ័យ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដែលបានជួយអន្តរាគមន៍បានភ្លាមៗ ។ តាមសេចក្ដីចូលស្នើសុំរបស់សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជដំណាក់ថ្មីនឹងត្រូវរៀបចំកសាងឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ ។ សូមកូនចៅជាទីគោរពទាំងអស់ ទទួលនូវសេចក្តីនឹករលឹកស្រឡាញ់ដ៏ជ្រាលជ្រៅអំពី ព្រះករុណា ព្រះមហាក្សត្រ នឹងខ្ញុំ »៕