ឆ្មាំចំនួន ៣០នាក់ ទទួលបានបណ្តុះបណ្តាលខ្លី ស្តីពីសង្គ្រោះជីវិតលើផ្ទៃសមុទ្រ

ព្រះសីហនុ៖ ស្ថានទូតព្រះរាជាណាចក្រថៃ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលខ្លី ស្តីពីសង្គ្រោះជីវិតលើផ្ទៃសមុទ្រ ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ នៅតំបន់សមុទ្រខេត្តព្រះសីហនុ ជូនដល់ឆ្មាំចំនួន ៣០នាក់ ក្នុងនោះក៏មានពីក្រុមហ៊ុនឯកជនផងដែរ។

ក្នុងវគ្គបណ្តុះបណ្តាលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ នេះ លោក ឈើតគៀត អាថាកន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ថ្លែងថា ថា ការបើកវគ្គបណ្តុះបណ្តាលការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក ឬ Water Rescue ជូនដល់សិក្ខាកាមក្នុងខេត្តព្រះសីហនុនាពេលនេះគឺដើម្បីអភិវឌ្ឍន៍សិក្ខាកាមក្នុងខេត្តជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក។

លោកបន្តថា វគ្គបណ្តុះបណ្តាលនៅក្នុងពេលនេះមានសារសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់ខេត្តនិងថ្នាក់ជាតិ ការពង្រឹងនូវសក្តានុភាពធនធានមនុស្សរបស់ខេត្តនៅក្នុងការផ្តល់សេវាកម្មទេសចរសុវត្ថិភាព និងជួយកាត់បន្ថយគ្រោះថ្នាក់និងការបាត់បង់ជីវិតដែលកើតឡើងចំពោះភ្ញៀវទេសចរជាតិនិងបរទេសជាច្រើននៅក្នុងមួយឆ្នាំៗ ដែលជាការជំរុញនូវវិស័យទេសចរណ៍ខេត្តជាប់មាត់សមុទ្រ ស្របតាមគោលនយោបាយរបស់កម្ពុជានិងថៃក្រោមតម្រោង Two Kingdoms One Destinationនឹងជាការជួយជំរុញការត្រៀមខ្លួនរបស់ខេត្តព្រះសីហនុ នៅក្នុងនាមជាខេត្តទទួលធ្វើម្ចាស់ផ្ទះកីឡាវិញ្ញាសាលើទឹកស៊ីហ្គេមឆ្នាំ២០២៣ នេះផងដែរ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុបានលើកឡើងថា វគ្គបណ្តុះបណ្តាល «ស្ដីពីការសង្គ្រោះជីវិតលើផ្ទៃសមុទ្រ ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរនៅខេត្តព្រះសីហនុ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នៅលើទឹកដីខេត្តព្រះសីហនុនាពេលនេះ។

លោកសង្ឃឹមជឿជាក់យ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាល នឹងជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព និងសាមគ្គីភាព រវាងប្រទេសយើងទាំងពីរ កាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅថែមមួយកំរិតទៀត។

លោកបន្តថា ទន្ទឹមនេះ វគ្គបណ្តុះបណ្តាលនេះ នឹងជួយពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីឆ្មាំឆ្នេរសមុទ្រខេត្តព្រះសីហនុយើង ឱ្យកាន់តែមានសមត្ថភាពខ្លាំងថែមមួយកម្រិតទៀត ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមជួយសង្គ្រោះ អាយុជីវិតមនុស្ស សត្វ ពិសេសក្នុងការត្រៀមបង្ការនូវរាល់ឧបទវហេតុនានាដែលអាចកើតមានឡើង នៅលើផ្ទសមុទ្រ។

លោកថ្លែងថា៖ «បច្ចុប្បន្នខេត្តព្រះសីហនុយើង មានឆ្មាំសមុទ្រដែលទទួលស្គាល់ជាផ្លូវមានចំនួន ១៨នាក់ បាននឹងកំពុងប្រចាំការនៅតាមគោលដៅដូចជា៖ ឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ជាដើម។ ដោយឡែកឆ្មាំឆ្នេរសមុទ្រដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ មានចំនួន ៣០នាក់ ដែលរួមមានបុគ្គលិកឆ្មាំឆ្នេរពីបណ្តាលក្រុមហ៊ុនឯកជន ផ្សេងៗទៀត ក៏បានចូលរួម»។

លោកបន្តថា «ទោះបីពួកគាត់ជាបុគ្គលិកក្រុមហ៊ុន ប៉ុន្តែពួកគាត់បានចូលរួមយ៉ាងសកម្មក្នុងការបម្រើការងារសុវត្ថិភាពទេសចរណ៍ហើយពួកគាត់ថែមទាំងបានចូលរួមជួយសង្គ្រោះក្នុងព្រឹត្តិការណ៍ឧបទវហេតុនានា ដូចជាការលិចទូករបស់ភ្ញៀវទេសចរ និងទូកប្រជានេសាទ ជាដើម»។

បើតាម លោក ម៉ាង ស៊ីណេ ការចូលរួមហ្វឹកហាត់រៀនអំពីការជួយសង្គ្រោះលើផ្ទៃសមុទ្រ នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មន្ត្រី ភ្នាក់ងារសង្គ្រោះ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដែលជាខេត្តតំបន់ឆ្នេរសមុទ្រ ដើម្បីឱ្យពួកគាត់មានសមត្ថភាពមូលដ្ឋាន សម្រាប់ជួយខ្លួនឯង និងជួយអ្នកដទៃទៀតពីគ្រោះថ្នាក់នានា ជាពិសេសគ្រោះថ្នាក់លើផ្ទៃទឹក។

រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមថា ភាគីយើងទាំងពីរអាចធ្វើការរួមគ្នាលើកិច្ចសហការក្នុងវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការតាំងពិព័រណ៍ សុខាភិបាល និងអប់រំជាដើមបន្ថែមទៀតផងដែរ៕