ភ្នំពេញ ៖ ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើងរបស់ចិនដ៏ធំមួយបានសម្រេចចិត្តផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ និងត្រូវការកំលាំងពលកម្មជិត១ពាន់នាក់។
ការសម្រេចចិត្តនេះ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា ។
លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់បែបនេះ ទៅកាន់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសរូបលោក មានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។
លោក អ៊ិត សំហេង បានថ្លែងអំណរគុណប្រធានក្រុមហ៊ុនដែលមានទំនុកចិត្តមកលើកម្ពុជា ហើយកម្ពុជាស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ដែលបានបោះទុនវិនិយោគនៅទីនេះ។ ដោយក្នុងនោះ កម្ពុជាមានទីផ្សារនាំចេញផលិតផល ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការរក្សាបានទីផ្សារនាំចេញទាំងអស់នេះ ដោយសារតែកម្ពុជា បានអនុវត្តន៍គោលនយោបាយពាណិជ្ជកម្មផ្សារភ្ជាប់ទៅនឹងលក្ខខណ្ឌការងារ ដោយធានាបាននិរន្តរភាព នៃការបញ្ជាទិញពីប្រេនធំៗរបស់ពិភពលោក។ ក្រៅពីនេះ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងជាមួយដៃគូច្រើន រួមជាមួយកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា។
បើតាមលោកប្រធានក្រុមហ៊ុន គឺត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឲ្យបាន៧០ម៉ឺនគូក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អឺរ៉ុប និងអាមេរិក៕