ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគបាលជាតិបានបញ្ជាក់ថា នឹងខិតខំ អប់រំ ណែនាំ ដល់មន្រ្តីក្រោមឱវាទ យាមប្រចាំការច្រកចេញ-ចូលក្រសួងមហាផ្ទៃ និងកន្លែងផ្សេងៗទៀត ដោយលុបបំបាត់ឲ្យបានចំពោះការសុំកាហ្វេ ឬបារី ។
ការប្រកាសនេះបន្ទាប់ពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារ(អំពីការសុំថ្លៃកាហ្វេ និងបារី)ដោយមានការស្នើសុំពីគណនេយ្យហ្វេសប៊ុកឈ្មោះ”Mei Ei” ។ ចំពោះការបង្ហោះរបស់លោករដ្ឋមន្រ្តីនេះ ខាងអគ្គស្នងការក៏បានស្វាគមន៍ និងទទួលយកដោយរីករាយនូវការរិះគន់ កែលម្អដោយស្ថាបនា។
ន័យក្នុងបង្ហោះក្នុងផេកផ្លូវការរបស់លោករដ្ឋមន្រ្តីព័ត៌មាន “អរុណសួរស្តី លោកពូ(លោក ខៀវ កាញារីទ្ធ)ជាទីគោរពរបស់ក្មួយ ពេលលោកពូចូលរួមប្រជុំ ជួបក្រសួងធំៗ សូមលោកពូជួយលើកមតិ អ្នកប្រចាំការយាមមាត់ច្រកចេញ-ចូល សុំកាហ្វេ និងបារី ជួបផ្ទាល់ល្ងាចម្សិលមិញក្រសួងមហាផ្ទៃ” ។
យោងតាមលិខិតរបស់លោកឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននៃស្នងការនគបាលជាតិនៅថ្ងៃទី១៣មីនា បានទទួលស្គាល់ថា កន្លងមកពិតជាមានបញ្ហានេះ(សុំកាហ្វេ ឬបារី)មែន ហើយអង្គភាពក៏បានធ្វើការ អប់រំ ណែនាំ ដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិរួចហើយ ។
លិខិតបញ្ជាក់ថា “ក្នុងនាមថ្នាក់ដឹកនាំទទួលខុសត្រូវ និងខិតខំ អប់រំ ណែនាំ ដល់មន្តី ក្រោមឱវាទ យាមប្រចាំការច្រកចេញ-ចូល ក្រសួងមហាផ្ទៃ និងកន្លែងផ្សេងៗទៀត និងលុបបំបាត់ឲ្យបានការសុំកាហ្វេឬបារី និងសុំទទួលយកដោយរីករាយនៅការរិះគន់ កែលម្អដោយស្ថាបនា” ៕