កែប៖ គម្រោងសាងសង់ផ្លូវមួយខ្សែមានប្រវែង១,៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ដោយក្រាលកៅស៊ូ DBST ជាសសៃឈាមសេដ្ឋកិច្ចតភ្ជាប់គ្នា រវាង៤ភូមិ មាន ភូមិភ្នំលាវ ភូមិចំការបី ភូមិចំការចេក និងភូមិអន្ទង់ស ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បច្ចុប្បន្ន គម្រោងនេះ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប។
ក្នុងពិធីបើក បើកការដ្ឋានសាងសង់ផ្លូវខេត្តលេខ១៣៣៣ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ឱ្យដឹងថា នេះជាសមិទ្ធផលថ្មីលើទឹកដីអតីតតំបន់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ និងជាតំបន់ការពារដ៏រឹងមាំរបស់ក្រុមខ្មែរក្រហម បច្ចុប្បន្ននេះត្រូវបានផ្លាស់ប្ដូរមុខមាត់ថ្មីទៅជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពល និងសេដ្ឋកិច្ច ។
លោកបន្តថា ពិសេសហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ជាក់ស្ដែងផ្លូវអន្តរភូមិនឹងលេចរូបរាងឆាប់ៗនេះ តភ្ជាប់រវាងភូមិភ្នំលាវ ភូមិចំការបី ភូមិចំការចេក និងភូមិអន្ទង់ស ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននានារបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណជនទូទៅ ក្រោមម្លប់សន្តិភាពនៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកែប បានអោយដឹងថា ផ្លូវខេត្តលេខ១៣៣៣ ដែលកំពុងស្ថាបនានេះ មានប្រវែង ១១គ.ម ដោយបំបែកចេញពីផ្លូវជាតិលេខ៣៣ ឆ្លងកាត់៤ភូមិ និងបន្តកាត់រង្វង់មូលចំការបី រហូតដល់ព្រំប្រទល់ស្រុកដំណាក់ចង្អើរ ខេត្តកែប និងស្រុកកំពង់ត្រាច ខេត្តកំពត។
លោកបន្តថា ផ្លូវមួយខ្សែនេះជាការតភ្ជាប់ពីផ្លូវជាតិមកកាន់តំបន់ភ្នំវល្លិ៍ ដែលជាអតីតតំបន់សង្រ្គាម បច្ចប្បន្នជាតំបន់ដ៏មានសក្តានុពលទេសចរណ៍ ពិសេសផលិតផលល្បីល្បាញនៃដំណាំម្រេច ខេត្តកែប និងកំពត។
លោក ចឹក អៀង ប្រជាពលរដ្ឋរស់នៅភូមិចំការបី បានថ្លែងថា ផ្លូវមួយខ្សែដែលអាជ្ញាធរកំពងដំណើរការសាងសង់ ពិតជាបានជួយសម្រួលដល់ការលំបាករបស់អ្នកភូមិរបសលោក ដោយសារដំបន់នេះ ជាកន្លែងដាំដំណាំ ដូចនេះទាមទារមានផ្លូវល្អស្អាត សម្រាប់ដឹកកសិផល យកទៅលក់នៅទីផ្សារ។
ពលរដ្ឋផ្សេងទៀត លោក ម៉ៅ ខន ឱ្យដឹងថា ក្រៅពីផ្តល់ផលប្រយោជន៍សម្រាប់ដឹកកសិផលហើយផ្លូវនេះ ពិតជាបានផ្តល់ភាពងាយស្រួលក្នុងការដំណើររបស់អ្នកភូមិជាពិសេស សិស្សានុសិស្ស ដែលធ្វើដំណើរទៅរៀននៅសាលា៕ ដោយ៖ ពុទ្ធិពល