ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ស្រ្តី គួរត្រូវបានទទួលការយកចិត្តទុកដាក់ ក្នុងការជ្រើសរើសឲ្យកាន់មុខតំណែងសំខាន់ៗបន្ថែមទៀត ព្រោះស្រ្តីមានភាពអំណត់ អត់ធ្មត់ និងមុះមុតក្នុងការងារ។
ក្នុងពិធីសំណេះសំណាលអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១២ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សម្តេច ស ខេង បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែដាស់តឿនក្រើនរំលឹកជាប្រចាំ អំពីសារៈសំខាន់នៃសមភាពយេនឌ័រ ដោយលើកពាក្យស្លោកថា «ជួយស្រ្តី គឺជួយខ្លួនឯង» និងបានដាក់បញ្ចូលយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមយុទ្ធសាស្រ្តដទៃទៀត។
សម្តេចបន្ថែមថា ក្នុងនោះក្រសួងមហាផ្ទៃ ក៏បានខិតខំធ្វើឲ្យប្រសើរឡើងនូវសមធម៌យេនឌ័រ និងបរិយាប័ន្ន ដោយព្យាយាមដាក់បញ្ចូល និងតាមដានត្រួតពិនិត្យ វាយតម្លៃរាល់សកម្មភាពដែលឆ្លើយតបទៅនឹងការផ្តល់ឱកាស និងផលប្រយោជន៍ដល់នារី និងបុរស ប្រកបដោយសមធម៌ ទាំងនៅក្នុងជួរមន្រ្តីរាជការ និងកងកម្លាំងក្រោមឱវាទ គ្រប់កម្រិត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជានៅក្នុងចំណោមប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលប្រយោជន៍ពីសេវាសាធារណៈ ដែលបានផ្តល់ជូនដោយក្រសួងមហាផ្ទៃ។
សម្តេច ស ខេង គូសបញ្ជាក់ថា តួនាទីស្រ្តីក្នុងការអភិវឌ្ឍន៍គ្រប់វិស័យ ពិតជាមានសារៈសំខាន់ និងមិនអាចខ្វះបាន ។ ស្រ្តីមានភាពអំណត់ អត់ធ្មត់ មុះមុតក្នុងការងារ គោរពការចាត់តាំង និងមានវិន័យល្អ។ លើសពីនេះ ស្រ្តីត្រូវរ៉ាប់រងបន្ទុកគ្រួសារ និងមានការទទួលខុសត្រូវជាច្រើនទៀត បន្ថែមលើការងារក្នុងអង្គភាព។
ក្នុងន័យនេះ សម្តេច ស ខេង បន្ថែមថា «ស្រ្តី គួរត្រូវបានទទួលការយកចិត្តទុកដាក់ ក្នុងការជ្រើសរើសឲ្យកាន់មុខតំណែងសំខាន់ៗ បន្ថែមទៀត រួមទាំងតួនាទីជាអភិបាលខេត្ត ស្រុក ក្រុង ខណ្ឌ និងជាបេក្ខជនតំណាងរាស្រ្ត និងចូលរួមវិស័យនយោបាយនៅមូលដ្ឋានផងដែរ»៕