ពលរដ្ឋជាង ១លាននាក់ ចូលរួមបុណ្យទន្លេនៅខេត្តកំពង់ធំ

កំពង់ធំ ៖ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនាប្រមាណជាង១លាន១២ម៉ឺននាក់ចូលរួមពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ខណៈពិធីបុណ្យនេះកំពុងបន្តលេងរហូតដល់ថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត ព្រោះចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ភាគច្រើនជាប្រជាពលរដ្ឋមកពីក្រុង-ស្រុកទាំង៩ទូទាំងខេត្តកំពង់ធំ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តជាប់ព្រំប្រទល់ ពិសេសខេត្តជាប់បឹងទន្លេសាប ដូចជា ខេត្តសៀមរាម កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តក្រចេះជាដើម។

លោកបន្តថា ប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានការសប្បាយរីករាយខ្លាំងណាស់ ម្យ៉ាងជាព្រិត្តិការណ៍ធំក្រោយកូវីដ១៩ផង និងចំថ្ងៃទិវានារីអន្តរជាតិ៨មីនាផង ហើយម្យ៉ាងពួកគាត់សរសើរអំពីការរៀបចំតុបតែងភ្លើងលម្អបុណ្យគួរឱ្យទាក់ទាញ ពួកគាត់ចូលរួមទស្សនាការសម្ដែងសិល្បៈ របាំ និងចម្រៀងសម័យ ព្រមទាំងទិញដូរផលិតផល-ទំនិញ និងម្ហូបអាហារដែលអាជីវករ-សិប្បករលក់ជូននៅតាមស្ដង់ពិព័រណ៍ផលិតផលក្នុងស្រុកនានា។

បើតាម លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នឹងអនុញ្ញាតឱ្យពិធីបុណ្យទន្លេនេះបន្តលេងកម្សាន្តនៅថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត ព្រោះចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ម្យ៉ាងប្រជាពលរដ្ឋក៏ចង់នៅដើរលេងកម្សាន្តបន្តទៀត ហើយអាជីវករក៏នៅបន្តលក់ដូរបានកាក់កបរាល់ថ្ងៃរាល់យប់ផងដែរ៕