សម្តេច ស ខេង ចាត់ទុកសន្ដិសុខឯកជន ជាដៃគូដ៏សំខាន់

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ទុកភ្នាក់ងារសន្ដិសុខឯកជន គឺជាដៃគូដ៏សំខាន់ ក្នុងការរួមចំណែកការពារសណ្ដាប់សាធារណៈ តាមរយៈការពារតាមបុរី និងកន្លែងនានា ។

នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនសន្ដិសុខឯកជន បានចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា «សន្ដិសុខឯកជន នោះក៏សំខាន់ដែរ ឥលូវនៅតាមបុរីជាដើម មានសុវត្ថិភាពដោយសារសន្ដិសុខឯកជន ប៉ុន្ដែគ្រាន់ថា មានលទ្ធភាពជាងប្រជាការពារ ដោយសារមានក្រុមហ៊ុនសន្ដិសុខឯកជន អីចឹងក្រុមហ៊ុន បានទទួលចំណូលពីម្ចាស់ផ្ទះក្នុងបុរី»។

សម្ដេច​ បានរំលឹកថា កន្លងទៅ នៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីពង្រឹងកិច្ចការងារនេះ ហើយត្រូវបន្ដយកចិត្តទុកដាក់ផងដែរ។

សម្ដេច ស​ ខេង​ បន្ដថា ដើម្បីឲ្យភ្នាក់ងារសន្ដិសុខឯកជន មានសមត្ថភាពគ្រប់គ្រាន់នោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវជួយបណ្ដុះបណ្ដាលដល់ភ្នាក់ងារសន្ដិសុខឯកជន ព្រោះពួកគាត់មានភារៈកិច្ច ដើម្បីការពារកន្លែងនានា៕