ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានថ្លែងថា កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយអារ៉ាប៊ីសាអ៊ូឌីត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការផងដែរ។
ក្នុងឱកាសអនុញ្ញាតឲ្យលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតតែងតាំងថ្មីអារ៉ាប៊ីសាអ៊ូឌីត ប្រចាំកម្ពុជា ចូលជួបជូនសារតាំងនៅវិមានព្រឹទ្ធសភា នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរដែលមានការរីកចម្រើនជាបន្តបន្ទាប់។
សម្តេចមានជំនឿថា ក្នុងឋានៈលោក Mohammed Ismaeil A. Dahlwy ជាឯកអគ្គរាជទូតនឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជនទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
សម្តេចប្រមុខរដ្ឋស្តីទីគូសបញ្ជាក់ថា “ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃកម្ពុជា ត្រៀមខ្លួនជានិច្ចធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរាជទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ”។
ក្នុងឱកាសនោះ លោក Mohammed Ismaeil A. Dahlwy បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។
លោកក៏មានជំនឿថា តាមរយៈបេសកកម្មការទូតរបស់លោក នឹងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេស លោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យមានស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត នៅកម្ពុជា ក្នុងឆ្នាំ២០២៣នេះ៕